ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២១

ពិតជា​ខ្លាំង ? កម្មការិនី​រោងចក្រ​ម្នាក់​អាច​ទម្លុះ​រនាំងរ​បាំងបិទ​ខ្ទប់ (Lockdown) ខេត្ត​ព្រះសីហនុ ទៅដល់​ខេត្តស្ទឹងត្រែង រួចហើយ​រកឃើញ​ឆ្លង​ជំងឺ​COVID-19

បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដក​បម្រាម​គោចរ​ឆ្លងខេត្ត​កាលពី​ថ្ងៃទី​២៥ ខែមេសា ២០២១​រួចមក មានកម្ម​ការិនី​ម្នាក់​ឈ្មោះ លី សុភា អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ បម្រើ​ការងារ​នៅ​រោងចក្រ New Star ខេត្ត​ព្រះសីហនុ បានធ្វើ​ដំណើរ​ចាក​ចេញពី​តំបន់​បិទ​ខ្ទប់ (Lockdown) នៃ​ខេត្ត​ព្រះសីហនុ ទៅដល់​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​២៧ ខែមេសា ២០២១ ហើយក៏​ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ (COVID-19) នា​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១ ក្នុងអំឡុងពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក (Quarantine) ធ្វើ​ឲ្យ​ខេត្តស្ទឹងត្រែង​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​លើកដំបូង​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ។

​យោងតាម​របាយការណ៍​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ស្ត្រី​ឈ្មោះ លី សុភា ជា​កម្មការិនី​ព្យួរ​កិច្ចសន្យាការងារ​នៃ​រោងចក្រ New Star ធ្លាប់បាន​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​កម្មករ កម្មការិនី​ដែល​បាន​ព្យួរ​កិច្ចសន្យាការងារ​ដូចគ្នា​ចំនួន​២០​នាក់ មុនពេល​បានធ្វើ​ដំណើរ​ទៅដល់​ខេត្តស្ទឹងត្រែង និង​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ ។

​លើសពីនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​ស្នើ​ដល់​រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ឲ្យ​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​បុគ្គល​ជា​កម្មការិនី​ឈ្មោះ លី សុភា ដែល​បាន​គេចវេះ​ចេញពី​តំបន់​បិទ​ខ្ទប់​នៃ​ខេត្ត​ព្រះសីហនុ​ផងដែរ តាម​ស្មារតី​លិខិត​លេខ​៦៤៥/២១​សជណ ចុះ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ ។

​គួរបញ្ជាក់​ជូន​ដែរ​ថា មិន​ត្រឹមតែ​កម្មការិនី​ឈ្មោះ លី សុភា ម្នាក់​ទេ​ដែលមាន «​សមត្ថភាព​» អាច​គេចវេះ​ចេញពី​តំបន់​បិទ​ខ្ទប់​នៃ​ខេត្ត​ព្រះសីហនុ​ធ្វើដំណើរ​ទៅដល់​បណ្តា​ខេត្ត​នានា​នោះ គឺ​នៅមាន​មនុស្ស​មួយក្រុម​ទៀត​ចំនួន​១៤​នាក់​ធ្លាប់បាន​ចាក​ចេញពី​តំបន់​បិទ​ខ្ទប់​នៃ​ខេត្ត​ព្រះសីហនុ​ធ្វើដំណើរ​ទៅដល់​ខេត្តសៀមរាប​ផងដែរ ហើយ​ក្នុងចំណោម​មនុស្ស​ទាំង​១៤​នាក់ មាន​មនុស្ស​ចំនួន​០៨​នាក់ ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.