ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២១

ខ្ជីខ្ជា​ពេលនោះ ទើប​វីវរ​ពេលនេះ ! ករណី​ជំងឺ COVID-19 រាលដាល​ចូល​រោងចក្រ ព្រោះតែ​អាជ្ញាធរ​មិន​អើពើ​ទៅនឹង​សំណូមពរ​របស់​សហជីព​តាំងពី​ដើមឆ្នាំ​២០២០

ស្ថានភាព​ចម្លង​រាលដាល​នៃ​មេរោគ​ជំងឺ​កូ​វីដ​-១៩ (COVID-19) នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ ២០២១ គឺ​បាន​ញ៉ាំង​ឲ្យ​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ផង ព្រួយបារម្ភ​ផង និង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ផង បូក​រួមទាំង​ស្មារតី​ផង​ក្រោម​វិធានការ​នៃ​បម្រាម​គោចរ និង​វិធាន​ការបិទ​ខ្ទប់ (Lockdown) រហូតដល់​មានការ​បែងចែក​កំណត់​ជា​តំបន់​ក្រហម​, តំបន់​លឿងទុំ និង​តំបន់​លឿង ជាពិសេស​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា បន្ទាប់ពី​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ បាន​រីក​រាលដាល​ចូលដល់​មជ្ឈដ្ឋាន​កម្មក​រ កម្មការិនី​បម្រើ​ការងារ​នៅតាម​បណ្តា​រោងចក្រ និង​អាជីវករ​ទីផ្សារ​លក់ដូ​រ ។

​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញ​នេះ​ឲ្យ​ដឹងថា មាន​កម្មករ កម្មការិនី​ចំនួន ១ ៦៧៣​នាក់ (​រាជធានី​ភ្នំពេញ​ចំនួន ១ ៥៩៨​នាក់​) នៅក្នុង​បណ្តា​រោងចក្រ​ចំនួន ២០៦ (​រាជធានី​ភ្នំពេញ​ចំនួន ១៣៤​រោងចក្រ​) បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាមួយនឹង​កម្មករ កម្មការិនី​ជាច្រើន​នាក់​ទៀត​កំពុង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក (Quarantine) និង​យក​សំណាក​ទៅពិនិត្យ​រក​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ ។​

​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ (COVID-19) ត្រូវបាន​មន្ទីរពិសោធន៍​នៅ​កម្ពុជា​ស្គាល់ និង​រកឃើញ​ដំបូង​តាំងពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ លើ​ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Jia Jian Hua អាយុ​៦០​ឆ្នាំ នៅ​ខេត្ត​ព្រះសីហនុ (​បុរស​ជនជាតិ​ចិន​រូ​ប​នេះ​ធ្វើដំណើរ​ហោះ​ត្រង់​ពី​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន ដែលជា​ប្រទេស​ផ្ទុះ​កើតមាន​ជំងឺ​កូ​វីដ​-១៩ ដំបូង​គេ​នៅលើ​ពិភពលោក មកដល់​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០) ។

​រយៈពេល​ជិត​០២​ខែក្រោយ​មក សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) ធ្លាប់បាន​ធ្វើលិខិត​ផ្លូវកា​រ​មួយច្បាប់​លេខ​០៤៤/២០​សស​កពក ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កម្មវត្ថុ​ស្នើសុំ​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​វិធានការ​ជាក់លាក់ និង​ទុកចិត្តបាន ឬ​ផ្អាក​ដំណើរការ​អាជិ​វ​កម្មជាប​ណ្តោះ​អាសន្ន​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​មេរោគ​វីរុស COVID-19 ។ លិខិត​របស់​សហព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​គោរព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ក្នុងន័យ​ជា​សំណូមពរ​ចំពោះ​រាជរដ្ឋាភិបាល គឺធ្វើឡើង​បន្ទាប់ពី​គិត​ត្រឹម​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ នៅ​កម្ពុ​ជាមាន​មនុស្ស​ចំនួន​៣៧​នាក់​ហើយ (​ជនជាតិខ្មែរ​ចំនួន​២៤​នាក់ និង​ជនបរទេស​ចំនួន ១៣​នាក់​) ត្រូវបាន​រកឃើញ​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ ។

​គិត​រហូតមកដល់​ត្រឹម​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ បន្ទាប់ពី​ឆ្លងកាត់​ព្រឹត្តិការណ៍​នានា​ជា​បន្តបន្ទាប់ (​ព្រឹត្តិការណ៍​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០, ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០, ព្រឹត្តិការណ៍​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ និង​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១) គឺ​ប្រទេស​កម្ពុជា​បាន​រកឃើញ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ១១ ៧៦១​នាក់ (​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ចំនួន ១១ ២១០​នាក់​) ករណី​ជាសះស្បើយ​ចំនួន ៨ ៦៩៨​នាក់ (​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ចំនួន ៤ ១៦៥​នាក់​) ករណី​ស្លាប់បាត់​បង់ជីវិត​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ចំនួន ៩៥​នាក់ (​ចំនួន ៨៨​នាក់ អាជ្ញាធរ​សុខាភិបាល​ប្រកាសថា ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ចំនួន ០៧​នាក់ អាជ្ញាធរ​សុខាភិបាល​ប្រកាសថា មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ទេ​) និង​ករណី​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦ ៩៦៨​នាក់ ។

I-​បញ្ហា ៖ ករណី​ជំងឺ​កូ​វីដ​-១៩ រាលដាល​រាតត្បាត​ចូលដល់​បណ្តា​រោងចក្រ​បង្ក​ភាព​វីវរ​នៅពេលនេះ (​វិធាន​ការបិទ​ខ្ទប់​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រហូតដល់​មាន​តំបន់​ក្រហម មានការ​ពាក់ព័ន្ធ​នឹង​ករណី​ចម្លងជំងឺ​កូ​វីដ​-១៩ នៅក្នុង​រោងចក្រ និង​នៅ​ជុំវិញ​បរិវេណ​តំបន់​រោងចក្រ​) គឺ​មកពី​អាជ្ញាធរ​មានការ​ខ្ជីខ្ជា​ធ្វេសប្រហែស​នៅពេលនោះ (​អាជ្ញាធរ​មិន​អើពើ​ទៅនឹង​សំ​ណើ​របស់​សហជីព​តាំងពី​ដើមឆ្នាំ​២០២០) ។​

II-​ដំណោះស្រាយ ៖ មានតែ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ បូករួម​ជាមួយនឹង​វិធានការ​សុខាភិបាល​ប៉ុណ្ណោះ ទើប​ជា​ដំណោះស្រាយ​ដ៏​ល្អប្រសើរ​បំផុត ដើម្បី​បង្ការ​ការពារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ពីព្រោះ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​បាន​កើតមានឡើង​តាំងពី​អំឡុង​ដើមឆ្នាំ​២០២០​មកម្ល៉េះ ខណៈ​បើ​តេស្ត​រក​មេរោគ​ឲ្យ​សស្រាក់សស្រាំ គឺ​នឹង​រកឃើញ​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ មាន​ចំនួន​ច្រើនព្រោងព្រាត​មិនខានឡើយ ៕

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.