ស្ថានភាពចម្លងរាលដាលនៃមេរោគជំងឺកូវីដ-១៩ (COVID-19) នៅប្រទេសកម្ពុជាបច្ចុប្បន្នដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ គឺបានញ៉ាំងឲ្យអារម្មណ៍របស់ប្រជាពលរដ្ឋមានការភ័យខ្លាចផង ព្រួយបារម្ភផង និងប្រឈមនឹងបញ្ហាជីវភាពផង បូករួមទាំងស្មារតីផងក្រោមវិធានការនៃបម្រាមគោចរ និងវិធានការបិទខ្ទប់ (Lockdown) រហូតដល់មានការបែងចែកកំណត់ជាតំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿង ជាពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបេះដូងនៃប្រទេសកម្ពុជា បន្ទាប់ពីមេរោគវីរុសជំងឺកូវីដ-១៩ បានរីករាលដាលចូលដល់មជ្ឈដ្ឋានកម្មករ កម្មការិនីបម្រើការងារនៅតាមបណ្តារោងចក្រ និងអាជីវករទីផ្សារលក់ដូរ ។
យោងតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះឲ្យដឹងថា មានកម្មករ កម្មការិនីចំនួន ១ ៦៧៣នាក់ (រាជធានីភ្នំពេញចំនួន ១ ៥៩៨នាក់) នៅក្នុងបណ្តារោងចក្រចំនួន ២០៦ (រាជធានីភ្នំពេញចំនួន ១៣៤រោងចក្រ) បានឆ្លងជំងឺកូវីដ-១៩ ជាមួយនឹងកម្មករ កម្មការិនីជាច្រើននាក់ទៀតកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក (Quarantine) និងយកសំណាកទៅពិនិត្យរកមេរោគវីរុសជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ។
មេរោគវីរុសជំងឺកូវីដ-១៩ (COVID-19) ត្រូវបានមន្ទីរពិសោធន៍នៅកម្ពុជាស្គាល់ និងរកឃើញដំបូងតាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លើខ្លួនបុរសជនជាតិចិនម្នាក់ឈ្មោះ Jia Jian Hua អាយុ៦០ឆ្នាំ នៅខេត្តព្រះសីហនុ (បុរសជនជាតិចិនរូបនេះធ្វើដំណើរហោះត្រង់ពីទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ដែលជាប្រទេសផ្ទុះកើតមានជំងឺកូវីដ-១៩ ដំបូងគេនៅលើពិភពលោក មកដល់ខេត្តព្រះសីហនុនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០) ។
រយៈពេលជិត០២ខែក្រោយមក សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ធ្លាប់បានធ្វើលិខិតផ្លូវការមួយច្បាប់លេខ០៤៤/២០សសកពក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវត្ថុស្នើសុំរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការជាក់លាក់ និងទុកចិត្តបាន ឬផ្អាកដំណើរការអាជិវកម្មជាបណ្តោះអាសន្នក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូប ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគវីរុស COVID-19 ។ លិខិតរបស់សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលគោរពជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ក្នុងន័យជាសំណូមពរចំពោះរាជរដ្ឋាភិបាល គឺធ្វើឡើងបន្ទាប់ពីគិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាមានមនុស្សចំនួន៣៧នាក់ហើយ (ជនជាតិខ្មែរចំនួន២៤នាក់ និងជនបរទេសចំនួន ១៣នាក់) ត្រូវបានរកឃើញឆ្លងនូវជំងឺកូវីដ-១៩ ។
គិតរហូតមកដល់ត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ បន្ទាប់ពីឆ្លងកាត់ព្រឹត្តិការណ៍នានាជាបន្តបន្ទាប់ (ព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០, ព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០, ព្រឹត្តិការណ៍ពលករខ្មែរមកពីប្រទេសថៃ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ និងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១) គឺប្រទេសកម្ពុជាបានរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១១ ៧៦១នាក់ (ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ចំនួន ១១ ២១០នាក់) ករណីជាសះស្បើយចំនួន ៨ ៦៩៨នាក់ (ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ចំនួន ៤ ១៦៥នាក់) ករណីស្លាប់បាត់បង់ជីវិតសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ចំនួន ៩៥នាក់ (ចំនួន ៨៨នាក់ អាជ្ញាធរសុខាភិបាលប្រកាសថា ស្លាប់ដោយសារជំងឺកូវីដ-១៩ និងចំនួន ០៧នាក់ អាជ្ញាធរសុខាភិបាលប្រកាសថា មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ ទេ) និងករណីកំពុងសម្រាកព្យាបាលចំនួន ៦ ៩៦៨នាក់ ។
I-បញ្ហា ៖ ករណីជំងឺកូវីដ-១៩ រាលដាលរាតត្បាតចូលដល់បណ្តារោងចក្របង្កភាពវីវរនៅពេលនេះ (វិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ រហូតដល់មានតំបន់ក្រហម មានការពាក់ព័ន្ធនឹងករណីចម្លងជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ និងនៅជុំវិញបរិវេណតំបន់រោងចក្រ) គឺមកពីអាជ្ញាធរមានការខ្ជីខ្ជាធ្វេសប្រហែសនៅពេលនោះ (អាជ្ញាធរមិនអើពើទៅនឹងសំណើរបស់សហជីពតាំងពីដើមឆ្នាំ២០២០) ។
II-ដំណោះស្រាយ ៖ មានតែយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បូករួមជាមួយនឹងវិធានការសុខាភិបាលប៉ុណ្ណោះ ទើបជាដំណោះស្រាយដ៏ល្អប្រសើរបំផុត ដើម្បីបង្ការការពារការរាតត្បាតនៃជំងឺកូវីដ-១៩ ពីព្រោះជំងឺកូវីដ-១៩ នៅកម្ពុជាបានកើតមានឡើងតាំងពីអំឡុងដើមឆ្នាំ២០២០មកម្ល៉េះ ខណៈបើតេស្តរកមេរោគឲ្យសស្រាក់សស្រាំ គឺនឹងរកឃើញមេរោគវីរុសជំងឺកូវីដ-១៩ មានចំនួនច្រើនព្រោងព្រាតមិនខានឡើយ ៕