ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

អ្នកមាន​ទ្រព្យ​ឡើង​ងារ​សម័យ COVID-19 ! ឆ្នាំ​២០២០ អ្នកមាន​ទ្រព្យសម្បត្តិ​ចំនួន​៩១​នាក់​ទទួលបាន​ការតែងតាំង​គោរមងារ​ជា «​ឧកញ៉ា​» និង «​អ្នកឧកញ៉ា​» នាំ​ឲ្យ​រដ្ឋ​ទទួលបាន​ថវិកា​ជាង​៤៥​លាន​ដុល្លារ​

​ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ គឺជា​ឆ្នាំ​ដែល​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​ទទួលរង​នូវ​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ។ ទោះបី​ទាំង​ស្ថាប័នរដ្ឋ ទាំង​ស្ថាប័នឯកជន ទាំង​ប្រជាពលរដ្ឋ​បាន​ប្រឈម​នឹង​ឱនភាព​ថវិកា និង​ជីវភាព​ប្រចាំថ្ងៃ​ក៏ដោយ ក៏មាន​បុគ្គល​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ចំនួន​ប្រមាណ​៩១​នាក់ ទទួលបាន​ការផ្តល់​គោរមងារ​ជា «​ឧកញ៉ា​» និង «​អ្នកឧកញ៉ា​» តាមរយៈ​ព្រះរាជក្រឹត្យ​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ ឬ​ចុះហត្ថលេខា​ដោយ​ប្រមុខរដ្ឋស្តីទី (​ក្នុងនោះ​លោក លោកស្រី​ចំនួន ៨០​នាក់ ត្រូវ​បានផ្តល់​គោរមងារ​ជា ឧកញ៉ា និង​ឧកញ៉ា​ចំនួន​១១​នាក់ ត្រូវ​បានផ្តល់​គោរមងារ​ជា អ្នកឧកញ៉ា​) ។

​ស្មារតី​មាត្រាមួយ នៃ​អនុក្រឹត្យ​លេខ​៤៣​អនក្រ​.​បក ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការកែសម្រួល​ចំណុច​ទី​១ មាត្រា​២ នៃ​អនុក្រឹត្យ​លេខ​១៥​អនក្រ ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​១៩៩៤ បាន​ចែងថា «​សប្បុរសជន​ដែល​បានធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារៈ​ដែលមាន​តម្លៃលើស​ពី ១០០ ០០០ (​ដប់​ម៉ឺន​) ដុល្លារ​អាមេរិក​ឡើងទៅ ត្រូវបាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ ។ សប្បុរសជន​ដែល​បានធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា ឬ​សម្ភារៈ​ដែលមាន​តម្លៃលើស​ពី ៥០០ ០០០ (​ហាសិប​ម៉ឺន​) ដុល្លារ​អាមេរិក​ឡើងទៅ ត្រូវបាន​រាជរដ្ឋាភិបាល​ស្នើសុំ​ព្រះរាជ​យោបល់​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ដើម្បី​ទ្រង់​ព្រះរាជទាន​ជា (​ឧកញ៉ា​) ។​» ។

​ដូច្នេះ អនុលោម​តាម​ស្មារតី​នៃ​អនុក្រឹត្យ​លេខ​៤៣​អនក្រ​.​បក ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការកែសម្រួល​ចំណុច​ទី​១ មាត្រា​២ នៃ​អនុក្រឹត្យ​លេខ​១៥​អនក្រ ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​១៩៩៤​នោះ គឺ​រដ្ឋ តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ អាចនឹងទទួល​បាន​ថវិកា​អំណោយ​ពី​សប្បុរសជន​ដែល​ទទួលបាន​គោរមងារ​ជា «​ឧកញ៉ា​» និង «​អ្នកឧកញ៉ា​» ទាំង​ចំនួន​៩១​នាក់ យ៉ាងតិចណាស់​ចំនួនជាង​៤៥​លាន​ដុល្លារ​អាមេរិក ។

​កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០០៣ ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ធ្លាប់​បានចេញ​រាជសារ «​លិខិត​បើកចំហ​» មួយ​ជូន​ជនរួមជាតិ​នៅក្នុង​មាតុភូមិ​កម្ពុជា និង​នៅក្រៅ​មាតុភូមិ បងប្អូន កូនចៅ ចៅទួត​ជាទីគោរព​រាប់អាន និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​របស់​ព្រះអង្គ មាន​ខ្លឹមសារ​ថា «​នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​គ្មាន​មហាសេដ្ឋី​រាប់មិនអស់​ដូច​សព្វថ្ងៃនេះ​ទេ ដែល​លោក​អាច​នឹងធ្វើ​វិភាគទាន​ស្តុកស្តម្ភ​យ៉ាង​សម្បើម​ក្នុង​១​ឆ្នាំៗ ១​ខែៗ ក្នុងការ​បង្កបង្កើត​សមិទ្ធិផល​តូច មធ្យម ធំ នៅ​គ្រប់ទិសទី ជូន​ប្រទេស និង​ជាតិ ។ នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​មាន​មហាសេដ្ឋី​តែមួយគត់ គឺ​លោក តាន់ ប៉ា ដែល​គាត់​មាន​មហា​សម្បត្តិ​តាំងពី​សម័យ​បារាំង​ត្រួតត្រា​កម្ពុជា ។ ក្រៅពី​លោក​ឧកញ៉ា តាន់ ប៉ា មាន​ឧកញ៉ា​ចំនួន​តិចជាង​១០​នាក់ គឺ​លោក ស ហី លោក អុងប៉ាង ខោល និង លោក ២ ឬ ៣​នាក់​ទៀត ដែល​ខ្ញុំ​មិន​ចាំ​ឈ្មោះ ។ ឥឡូវនេះ​វិញ មាន​ឧកញ៉ា​មហាសេដ្ឋី​រាប់មិនអស់​ទេ ដែល​អាចជួយ​រាជរដ្ឋាភិបាល​បាន ។ » ៕​

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.