ឆ្នាំ២០២០កន្លងទៅថ្មីៗ គឺជាឆ្នាំដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាទទួលរងនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារវិបត្តិការរាតត្បាតនៃជំងឺកូវីដ-១៩ (COVID-19) ។ ទោះបីទាំងស្ថាប័នរដ្ឋ ទាំងស្ថាប័នឯកជន ទាំងប្រជាពលរដ្ឋបានប្រឈមនឹងឱនភាពថវិកា និងជីវភាពប្រចាំថ្ងៃក៏ដោយ ក៏មានបុគ្គលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភចំនួនប្រមាណ៩១នាក់ ទទួលបានការផ្តល់គោរមងារជា «ឧកញ៉ា» និង «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ឬចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី (ក្នុងនោះលោក លោកស្រីចំនួន ៨០នាក់ ត្រូវបានផ្តល់គោរមងារជា ឧកញ៉ា និងឧកញ៉ាចំនួន១១នាក់ ត្រូវបានផ្តល់គោរមងារជា អ្នកឧកញ៉ា) ។
ស្មារតីមាត្រាមួយ នៃអនុក្រឹត្យលេខ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ បានចែងថា «សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី ១០០ ០០០ (ដប់ម៉ឺន) ដុល្លារអាមេរិកឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១ ។ សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈដែលមានតម្លៃលើសពី ៥០០ ០០០ (ហាសិបម៉ឺន) ដុល្លារអាមេរិកឡើងទៅ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានជា (ឧកញ៉ា) ។» ។
ដូច្នេះ អនុលោមតាមស្មារតីនៃអនុក្រឹត្យលេខ៤៣អនក្រ.បក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤នោះ គឺរដ្ឋ តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ អាចនឹងទទួលបានថវិកាអំណោយពីសប្បុរសជនដែលទទួលបានគោរមងារជា «ឧកញ៉ា» និង «អ្នកឧកញ៉ា» ទាំងចំនួន៩១នាក់ យ៉ាងតិចណាស់ចំនួនជាង៤៥លានដុល្លារអាមេរិក ។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៣ ពីទីក្រុងប៉េកាំង ប្រទេសចិន ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ធ្លាប់បានចេញរាជសារ «លិខិតបើកចំហ» មួយជូនជនរួមជាតិនៅក្នុងមាតុភូមិកម្ពុជា និងនៅក្រៅមាតុភូមិ បងប្អូន កូនចៅ ចៅទួតជាទីគោរពរាប់អាន និងស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតរបស់ព្រះអង្គ មានខ្លឹមសារថា «នៅក្នុងសម័យសង្គមរាស្ត្រនិយមគ្មានមហាសេដ្ឋីរាប់មិនអស់ដូចសព្វថ្ងៃនេះទេ ដែលលោកអាចនឹងធ្វើវិភាគទានស្តុកស្តម្ភយ៉ាងសម្បើមក្នុង១ឆ្នាំៗ ១ខែៗ ក្នុងការបង្កបង្កើតសមិទ្ធិផលតូច មធ្យម ធំ នៅគ្រប់ទិសទី ជូនប្រទេស និងជាតិ ។ នៅក្នុងសម័យសង្គមរាស្ត្រនិយមមានមហាសេដ្ឋីតែមួយគត់ គឺលោក តាន់ ប៉ា ដែលគាត់មានមហាសម្បត្តិតាំងពីសម័យបារាំងត្រួតត្រាកម្ពុជា ។ ក្រៅពីលោកឧកញ៉ា តាន់ ប៉ា មានឧកញ៉ាចំនួនតិចជាង១០នាក់ គឺលោក ស ហី លោក អុងប៉ាង ខោល និង លោក ២ ឬ ៣នាក់ទៀត ដែលខ្ញុំមិនចាំឈ្មោះ ។ ឥឡូវនេះវិញ មានឧកញ៉ាមហាសេដ្ឋីរាប់មិនអស់ទេ ដែលអាចជួយរាជរដ្ឋាភិបាលបាន ។ » ៕