ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

ពេទ្យ​ចម្លង​ដល់​អ្នកជំងឺ ឬ​អ្នកជំងឺ​ចម្លង​ឲ្យ​ពេទ្យ ? មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ (COVID-19) ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុស​មៈ​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបង្ហាញ​ថា ចាប់ពី​ថ្ងៃទី​១៦ ខែមេសា រហូតមកដល់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ មាន​ក្រុមគ្រូពេទ្យ និង​បុគ្គលិក​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុស​មៈ ហៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ឬ​មន្ទីរពេទ្យ​លោកសង្ឃ ចំនួន​៤៥​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ (COVID-19) ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍ ។​

​មិន​ត្រឹមតែ​ក្រុមគ្រូពេទ្យ និង​បុគ្គលិក​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ប៉ុណ្ណោះ​ទេ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ គឺមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​០៤​ករណី​យ៉ាងតិច​មានការ​ពាក់ព័ន្ធ​ទៅនឹង​មន្ទីរពេទ្យ​មួយ​នេះ គឺ ៖

១-​ស្ត្រីជន​ជាតិខ្មែរ​ឈ្មោះ ស៊ុន មិត្ត អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​តា​ជេស ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ព្រោះតែ​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​ប្រវត្តិ​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ ។ បន្ទាប់ពី​លទ្ធផល​តេស្ត​បង្ហាញថា វិជ្ជមាន​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ អ្នកជំងឺ​ក៏ត្រូវ​បាន​ក្រុមគ្រូពេទ្យ​បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ចាក់អង្រែ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១ រួចហើយ​អ្នកជំងឺ​ក៏បាន​ស្លាប់បាត់​បង់ជីវិត​នា​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ ដោយ​ក្រសួងសុខាភិបាល​បានប្រកាសថា «​អ្នកជំងឺ​មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នោះឡើយ​» ។​

២-​ព្រះសង្ឃ​នាម ប៊ូ ផាត ព្រះជន្ម​៥៥​ព្រះវស្សា គង់នៅ​វត្ត​ពោធិ៍​សែន​ជ័យ ហៅ​វត្ត​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​និមន្ត​ទៅពិនិត្យ​ព្យាបាល​ជំងឺ​អាកា​រៈ​ចុក​ទ្រូង​នៅ​មន្ទីរពេទ្យ​ចម្ការចេក ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១​រួចហើយ ក្រុមគ្រូពេទ្យ​ក៏បាន​បញ្ជូន​ព្រះអង្គ​តាម​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ រាជធានី​ភ្នំពេញ នៅវេលា​ល្ងាច​នា​ថ្ងៃ​ដដែល ។ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ព្រះសង្ឃ ប៊ូ ផាត រួមជាមួយ​ញាតិសន្តាន​របស់​ព្រះអង្គ​ដែល​មក​កំដរ​ថែទាំ​ព្រះអង្គ​ចំនួន​២​នាក់​ទៀត ក៏បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ព្រះ​កុស​មៈ តាម​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ដោយ​មិន​ឈប់សម្រាក​តាមផ្លូវ​ទេ ឆ្ពោះ​ទៅដល់​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ លទ្ធ​ល​ផល​តេស្ត​រក​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ ខណៈពេល​ព្រះអង្គ និង​ញាតិសន្តាន​របស់​ព្រះអង្គ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ គឺ​វិជ្ជមាន​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ (​យក​សំណាក​ធ្វើតេស្ត​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១) ។

៣-​ស្ត្រីជន​ជាតិខ្មែរ​ឈ្មោះ គិ​ន សម្ភ័ស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បានរួម​ដំណើរ​ជូន​សាច់ញាតិ​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ។ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ក៏បាន​បញ្ជូន​អ្នកជំងឺ​តាម​រថយន្ត​សង្គ្រោះ​ឈ្មោះ «​ពហុ​ព្យាបាល​មានជ័យ​» ទៅកាន់​ខេត្តមណ្ឌលគិរី​វិញ ។ លទ្ធផល​តេស្ត​រក​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ក្រុមគ្រួសារ​អ្នកជំងឺ​នោះ គឺ​ឈ្មោះ គិ​ន សម្ភ័ស វិជ្ជមាន​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ (​យក​សំណាក​ធ្វើតេស្ត​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១) ។

៤-​បុរស​ជនជាតិខ្មែរ អាយុ​៦៥​ឆ្នាំ រស់នៅ​ខេត្ត​ត្បូងឃ្មុំ បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ព្រោះតែ​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ ។ នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ ក្រោយពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈរយៈ​ពេល​ប្រមាណ​០៧​ថ្ងៃ អ្នកជំងឺ​ត្រូវបាន​បញ្ចូនទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យបង្អែក​ព្រះ​នរោត្តម សីហនុ ត្បូងឃ្មុំ និង​ក៏បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ ខណៈ​សំណាក​សាកសព​ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ ហើយក៏​ត្រូវបាន​ក្រសួងសុខាភិបាល​ប្រកាស​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ​ឲ្យ​ដឹងថា «​អ្នកជំងឺ​មាន​ផ្ទុក​វីរុស​កូ​វីដ​-១៩ នេះ​មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នោះឡើយ​» ។

​អនុលោម​តាម​អង្គហេតុ​ខាងលើ គឺ​អ្នកជំងឺ​កូ​វីដ​-១៩ ទាំង​៤​អង្គ​/​នាក់ មានការ​ពាក់ព័ន្ធ​ទៅនឹង​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ រាជធានី​ភ្នំពេញ ខណៈ​ក្រុមគ្រូពេទ្យ និង​បុគ្គលិក​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ចំនួន​ជិត​៥០​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​ហូរហែ​ចាប់តាំងពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​មកម្ល៉េះ ។​

​ដូច្នេះ គប្បី​ក្រសួងសុខាភិបាល​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ឲ្យ​ឃើញថា តើ​ប្រភព​ចម្លង​នៃ​ជំងឺ​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ព្រះ​កុ​សមៈ​នោះ​មកពីណា តាមរបៀប​ណា ហើយ​គ្រូពេទ្យ​ជា​អ្នកចម្លង​មេរោគ​ដល់​អ្នកជំងឺ ឬ​អ្នកជំងឺ​ជា​អ្នកចម្លង​មេរោគ​កូ​វីដ​-១៩ ឲ្យ​គ្រូពេទ្យ ? ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.