យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញថា ចាប់ពីថ្ងៃទី១៦ ខែមេសា រហូតមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មានក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ហៅមន្ទីរពេទ្យព្រះកុសមៈ ឬមន្ទីរពេទ្យលោកសង្ឃ ចំនួន៤៥នាក់ បានឆ្លងជំងឺកូវីដ-១៩ (COVID-19) ដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ។
មិនត្រឹមតែក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យព្រះកុសមៈប៉ុណ្ណោះទេដែលឆ្លងជំងឺកូវីដ-១៩ គឺមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន០៤ករណីយ៉ាងតិចមានការពាក់ព័ន្ធទៅនឹងមន្ទីរពេទ្យមួយនេះ គឺ ៖
១-ស្ត្រីជនជាតិខ្មែរឈ្មោះ ស៊ុន មិត្ត អាយុ៥៧ឆ្នាំ រស់នៅភូមិតាជេស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ។ បន្ទាប់ពីលទ្ធផលតេស្តបង្ហាញថា វិជ្ជមានមេរោគវីរុសជំងឺកូវីដ-១៩ អ្នកជំងឺក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលបន្តនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចាក់អង្រែ រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ រួចហើយអ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិតនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយក្រសួងសុខាភិបាលបានប្រកាសថា «អ្នកជំងឺមិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩នោះឡើយ» ។
២-ព្រះសង្ឃនាម ប៊ូ ផាត ព្រះជន្ម៥៥ព្រះវស្សា គង់នៅវត្តពោធិ៍សែនជ័យ ហៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីនិមន្តទៅពិនិត្យព្យាបាលជំងឺអាការៈចុកទ្រូងនៅមន្ទីរពេទ្យចម្ការចេក ខេត្តព្រះសីហនុ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១រួចហើយ ក្រុមគ្រូពេទ្យក៏បានបញ្ជូនព្រះអង្គតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសមៈ រាជធានីភ្នំពេញ នៅវេលាល្ងាចនាថ្ងៃដដែល ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ព្រះសង្ឃ ប៊ូ ផាត រួមជាមួយញាតិសន្តានរបស់ព្រះអង្គដែលមកកំដរថែទាំព្រះអង្គចំនួន២នាក់ទៀត ក៏បានចាកចេញពីមន្ទីរពេទ្យព្រះកុសមៈ តាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យដោយមិនឈប់សម្រាកតាមផ្លូវទេ ឆ្ពោះទៅដល់ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ លទ្ធលផលតេស្តរកមេរោគវីរុសជំងឺកូវីដ-១៩ ខណៈពេលព្រះអង្គ និងញាតិសន្តានរបស់ព្រះអង្គកំពុងធ្វើចត្តាឡីស័កនោះ គឺវិជ្ជមាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ (យកសំណាកធ្វើតេស្តនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១) ។
៣-ស្ត្រីជនជាតិខ្មែរឈ្មោះ គិន សម្ភ័ស អាយុ៥១ឆ្នាំ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរួមដំណើរជូនសាច់ញាតិមកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសមៈ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសមៈ ក៏បានបញ្ជូនអ្នកជំងឺតាមរថយន្តសង្គ្រោះឈ្មោះ «ពហុព្យាបាលមានជ័យ» ទៅកាន់ខេត្តមណ្ឌលគិរីវិញ ។ លទ្ធផលតេស្តរកមេរោគវីរុសជំងឺកូវីដ-១៩ នៅក្នុងក្រុមគ្រួសារអ្នកជំងឺនោះ គឺឈ្មោះ គិន សម្ភ័ស វិជ្ជមានមេរោគវីរុសជំងឺកូវីដ-១៩ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ (យកសំណាកធ្វើតេស្តនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១) ។
៤-បុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈរយៈពេលប្រមាណ០៧ថ្ងៃ អ្នកជំងឺត្រូវបានបញ្ចូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ និងក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ខណៈសំណាកសាកសពត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគវីរុសជំងឺកូវីដ-១៩ ហើយក៏ត្រូវបានក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះឲ្យដឹងថា «អ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ នេះមិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ» ។
អនុលោមតាមអង្គហេតុខាងលើ គឺអ្នកជំងឺកូវីដ-១៩ ទាំង៤អង្គ/នាក់ មានការពាក់ព័ន្ធទៅនឹងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ រាជធានីភ្នំពេញ ខណៈក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យព្រះកុសមៈចំនួនជិត៥០នាក់ បានឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ហូរហែចាប់តាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១មកម្ល៉េះ ។
ដូច្នេះ គប្បីក្រសួងសុខាភិបាលធ្វើការស៊ើបអង្កេតស្រាវជ្រាវរកឲ្យឃើញថា តើប្រភពចម្លងនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងមន្ទីរពេទ្យព្រះកុសមៈនោះមកពីណា តាមរបៀបណា ហើយគ្រូពេទ្យជាអ្នកចម្លងមេរោគដល់អ្នកជំងឺ ឬអ្នកជំងឺជាអ្នកចម្លងមេរោគកូវីដ-១៩ ឲ្យគ្រូពេទ្យ ? ៕