ថ្ងៃ អាទិត្យ ទី ០១ ខែ សីហា ឆ្នាំ ២០២១

គួរ​ពិចារណា​អំពី​ដំណើរ​ការចាក់​វ៉ាក់សាំង ! រាជរដ្ឋាភិបាល និង​អាជ្ញាធរ​សុខាភិបាល​គួរ​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​អាច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ជា​អតិថិជន​

កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​បានប្រកាស​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់ (​មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​) ប្រើប្រាស់ Rapid Antigen Test COVID-19 ដែល​បានទទួល​ស្គាល់ និង​កំពុង​ប្រើប្រាស់​ដោយ​ក្រសួងសុខាភិបាល ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ។​

​លើសពីនេះ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញ ក្រសួងសុខាភិបាល​ក៏បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​អាច​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ទៀតផង ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​មន្ទីរពេទ្យ​រដ្ឋ ខណៈ​អ្នកជំងឺ​កូ​វីដ​-១៩​មាន​ចំនួន​ដ៏​ច្រើន​នាពេល​បច្ចុប្បន្ននេះ ។​

​ការសម្រេច​របស់​ក្រសួងសុខាភិបាល​ដែល​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​អាច​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​វីរុស​ជំងឺ​កូ​វីដ​-១៩ (Rapid Antigen Test COVID-19) ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​អនុញ្ញាត​ឲ្យ​សេវា​ព្យាបាល​ឯកជន​ស្របច្បាប់​នៅ​រាជធានី​ភ្នំពេញ​អាច​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​នោះ គឺ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ។

​ដោយឡែក ពាក់ព័ន្ធ​នឹង​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ន គឺ​ត្រូវបាន​គ្រប់គ្រង និង​អនុវត្ត​ផ្តាច់មុខ​ដោយ​អាជ្ញាធរ​ទាំងស្រុង ទាំង​ការគ្រប់គ្រង​វ៉ាក់សាំង និង​ទាំង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ជាហេតុ​នាំ​ឲ្យ​សន្ទុះ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​នៅមានកម្រិត​មិន​ស្របទៅនឹង​តម្រូវការ​ជាក់ស្តែង​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​ក្របខ័ណ្ឌ​ផ្តល់​ការចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​) ។​

​ដូច្នេះ ដើម្បី​ព​ន្លឿ​ន​ដល់​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ផុសផុល​ក្នុងន័យ​បង្ការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​រីក​រាលដាល និង​បង្ហាញ​វត្ត​មាននៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​នោះ (​ប្រសិនបើ​វ៉ាក់សាំង​សម្រាប់​ចាក់​មាន​ចំនួន​គ្រប់គ្រាន់​) គួរតែ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​អាចធ្វើ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ ជា​អតិថិជន​របស់ខ្លួន​បាន ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​ជា​អ្នកគ្រប់គ្រង​វ៉ាក់សាំង​ដដែល ។ មិនតែប៉ុណ្ណោះ ក្នុងករណី​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​គោលនយោបាយ​ចាក់ វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នោះ គឺជា​ការប្រសើរ​ហើយ ប៉ុន្តែ​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ចំណាយ​របស់​រាជរដ្ឋាភិបាល គប្បី​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា​ទុក​លទ្ធភាព និង​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នកមាន​ធនធាន​អាច​ទិញ​វ៉ាក់សាំង​ពីរ​ដ្ឋ​សម្រាប់​ចាក់​បាន​តាមរយៈ​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​នានា ពីព្រោះ​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ដូចតទៅ ៖ ១-​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​រដ្ឋ​លើ​ការទិញ​វ៉ាក់សាំង​កូ​វីដ​-១៩, ២-​សម្រួល​ដល់​អ្នកមាន​ធនធាន​ចំណាយ​លើ​ការទិញ​វ៉ាក់សាំង​អាចមាន​ជម្រើស​ក្នុង​ការទិញ​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​ជំងឺ​កូ​វីដ​-១៩, ៣-​បង្កើន​សន្ទុះ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង ៤-​កាត់បន្ថយ​ហានិភ័យ និង​ផលវិបាក​ក្នុងស្ថានភាព​តម្រង់​ជួរ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ទទួល​សេវា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពី​ពេទ្យ​របស់​រដ្ឋ​ដែល​មិនមាន​ទំហំ​សមាមាត្រ​ទៅនឹង​ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការចាក់​វ៉ាក់សាំង ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.