ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

​គួរ​គិត ! វិធាន​ការបិទ​ខ្ទប់ (Lockdown) នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល គួរតែ​អាជ្ញាធរ​កែសម្រួល និង​បញ្ចប់ លើកលែងតែ «​តំបន់​ក្រហម​» បន្ទាប់ពី​បម្រាម​គោចរ​ឆ្លងខេត្ត​ត្រូវបាន​បញ្ចប់

​វិធានការ​ហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ដែល​នឹងមាន​សុពលភាព​ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​នោះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បិទ​បញ្ចប់​វិញ​ហើយ ដោយ​ស្មារតី​នៃ​សេចក្តីសម្រេច​លេខ​៥៣​សសរ ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ ខណៈ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​នៅ​បន្ត​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ (Lockdown) ដដែល ។​

​យោងតាម​សេចក្តីសម្រេច​លេខ​៤៩​សសរ ចុះ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និងសេចក្តីសម្រេច​លេខ​៥០​សសរ ចុះ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការកែសម្រួល​វិធាន​ការដែល​ត្រូវអនុវត្ត​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នោះ គឺ​រយៈពេល​នៃ​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល និង​កំណ​ត់ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​ខាងមុខ ។ ដូច្នេះ នៅមុន​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ឬក៏​វិធាន​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ត្រូវបាន​បន្ត​រយៈពេល​ទៀត​នោះ ទោះបី​វិធានការ​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងខេត្ត​ត្រូវបាន​បិទ​បញ្ចប់​រួចហើយ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល មិនអាច​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​បានឡើយ ។​

​ដោយឡែក ព្រោះតែ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19) មាន​សន្ទុះ​ខ្លាំង​នោះ ទើប​នៅ​តំបន់​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវបាន​ចាត់ទុកជា «​តំបន់​ក្រហម​» ដូចជា ភូមិ​១៤ ភូមិ​១៦ និង​ភូមិ​១៧ នៃ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​, សង្កាត់​ស្ទឹងមានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ នៃ​ខណ្ឌមានជ័យ និង​សង្កាត់​ចោមចៅ​ទី​១ នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជាការ​ពិតណាស់ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់ គឺ​បាន​ប្រឈម​នឹង​ផលវិបាក​ជាច្រើន ដូចជា​សេរីភាព​នៃ​ការធ្វើដំណើរ ការប្រកប​របរ​អាជីវ​កម្ម និង​បំពេញការងារ​ផ្សេងៗ ព្រមទាំង​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​…​។​ល​។

​សរុបសេចក្តី​មក ដើម្បី​គិតគូ​ដល់​មុខរបរ និង​ជីវភាព ព្រមទាំង​សេរីភាព​នៃ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ គួរតែ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​កែសម្រួល ឬក៏​ឈានទៅ​សម្រេច​បិទ​បញ្ចប់​វិធាន​ការបិទ​ខ្ទប់ (Lockdown) នៅក្នុង​ភូមិសាស្ត្រ​មួយចំនួន​នៃ​រាជធានី​ភ្នំពេញ ឬ​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ដែល​មិនមែនជា​តំបន់​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​រក្សា​នូវ​វិធានការ​សុខាភិបាល​ដ៏​ម៉ឺងម៉ាត់ លើកលែងតែ «​តំបន់​ក្រហម​» ដែល​តម្រូវ​ឲ្យ​បន្ត​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ តទៅទៀត​រហូតដល់​ស្ថានភាព​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ វិល​ត្រឡប់មក​ធូរស្រាល​ជាមួយនឹង​វិធានការ «​អាច​ការពារ​បាន​» វិញ តាមរយៈ​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​ផុសផុល ៕​

Filed in: Feature, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.