វិធានការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសដែលនឹងមានសុពលភាពដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទបញ្ចប់វិញហើយ ដោយស្មារតីនៃសេចក្តីសម្រេចលេខ៥៣សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ខណៈភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនៅបន្តអនុវត្តវិធានការបិទខ្ទប់ (Lockdown) ដដែល ។
យោងតាមសេចក្តីសម្រេចលេខ៤៩សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នោះ គឺរយៈពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងកំណត់ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ខាងមុខ ។ ដូច្នេះ នៅមុនថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឬក៏វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានបន្តរយៈពេលទៀតនោះ ទោះបីវិធានការហាមឃាត់ការធ្វើដំណើរឆ្លងខេត្តត្រូវបានបិទបញ្ចប់រួចហើយក៏ដោយ ក៏ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល មិនអាចធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗទៀតបានឡើយ ។
ដោយឡែក ព្រោះតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19) មានសន្ទុះខ្លាំងនោះ ទើបនៅតំបន់មួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានចាត់ទុកជា «តំបន់ក្រហម» ដូចជា ភូមិ១៤ ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក, សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ និងសង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ ។
ជាការពិតណាស់ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្របិទខ្ទប់ គឺបានប្រឈមនឹងផលវិបាកជាច្រើន ដូចជាសេរីភាពនៃការធ្វើដំណើរ ការប្រកបរបរអាជីវកម្ម និងបំពេញការងារផ្សេងៗ ព្រមទាំងបញ្ហាជីវភាពប្រចាំថ្ងៃផងដែរ…។ល។
សរុបសេចក្តីមក ដើម្បីគិតគូដល់មុខរបរ និងជីវភាព ព្រមទាំងសេរីភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ គួរតែរាជរដ្ឋាភិបាលកម្ពុជាធ្វើការកែសម្រួល ឬក៏ឈានទៅសម្រេចបិទបញ្ចប់វិធានការបិទខ្ទប់ (Lockdown) នៅក្នុងភូមិសាស្ត្រមួយចំនួននៃរាជធានីភ្នំពេញ ឬក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលមិនមែនជាតំបន់រាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ដោយរក្សានូវវិធានការសុខាភិបាលដ៏ម៉ឺងម៉ាត់ លើកលែងតែ «តំបន់ក្រហម» ដែលតម្រូវឲ្យបន្តអនុវត្តវិធានការបិទខ្ទប់ តទៅទៀតរហូតដល់ស្ថានភាពការរាលដាលនៃជំងឺកូវីដ-១៩ វិលត្រឡប់មកធូរស្រាលជាមួយនឹងវិធានការ «អាចការពារបាន» វិញ តាមរយៈការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានផុសផុល ៕