ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

ស្លាក​លេខ​«​ពិសេស​» សម្រាប់​ម្ចាស់ «​ពិសេស​» ? សូម​មើល និង​វាយតម្លៃ​ស្លាក​លេខ​រថយន្ត​របស់ «​ឯកឧត្តម អ្នកឧកញ៉ា​» ម្នាក់ ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​

ទោះបី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​គោលការណ៍​ចេញ​ស្លាក​លេខ​ពិសេស «​កម្ពុជា​» ជូន​អ្នកប្រើប្រាស់​យានយន្ត​ដោយ​គិត​តម្លៃ​ពិសេស​ក៏ដោយ ក៏​មជ្ឈដ្ឋាន​ទូទៅ​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ស្លាក​លេខ​ដែល​បំពាក់​នៅលើ​រថយន្ត​មួយគ្រឿង ដូច​មាន​រូបភាព​បង្ហាញជូន​ខាងក្រោម ៖

​ស្លាក​លេខ​ដែល​បំពាក់​នៅលើ​រថយន្ត​មួយគ្រឿង​នេះ គឺ​បាន​រំលេច​បង្ហាញ​អំពី​និមិត្តសញ្ញា (Logo) របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង បង្ហាញ​អំពី​ឋានៈ «​ឯកឧត្តម​» និង​គោរមងារ​ជា «​អ្នកឧកញ៉ា​» របស់លោក ប៉ែន លឹម ផង (Sic!) ។

​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​នេះ លោក ប៉ែន លឹម បាន​ផ្សព្វផ្សាយ​ផ្ទាល់ (Live) តាម​បណ្តាញ​ព័ត៌មាន​សង្គម Facebook មាន Account ឈ្មោះ «Pen Loem Ma» បញ្ជាក់​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង​នោះ​ចាស់​ណាស់​ហើយៗ​ក៏​គ្មាន​ពន្ធ​ដែរ (Resic!) ។

​យោងតាម​ឯកសារ​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ប៉ែន លឹម ទទួលបាន​ការតែងតាំង​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៩/១២១៨ ចុះ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០០៩ (​តែ​ព្រះរាជក្រឹត្យ​នេះ​មិនឃើញ​មាន​បោះពុម្ព​ផ្សព្វផ្សាយ​នៅក្នុង​សៀវភៅ​រាជកិច្ច​តាម​នីតិវិធី​ទេ​) ។ លើសពីនេះ មិនបាន​ដឹងថា ឧកញ៉ា ប៉ែន លឹម ទទួលបាន​ការតែងតាំង​គោរមងារ​ជា អ្នកឧកញ៉ា តាំងពី​ពេលណា​មក និង​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​អ្វីមួយ​មាន​ឋានៈ​ជា ឯកឧត្តម នោះ​ផងដែរ ។

​តាម​លិខិតបញ្ជាក់​ចុះ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១២​របស់​ខុទ្ទកាល័យ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ប្រធានព្រឹទ្ធសភា បាន​ឲ្យ​ដឹងថា ឯកឧត្តម ប៉ែន លឹម ធ្លាប់​ទទួលបាន​ការតែងតាំង​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​២ ប៉ុន្តែ​ត្រូវបាន​បញ្ចប់​មុខតំណែង​នេះ​វិញ​នៅត្រឹម​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១២ ។

​កាលពី​អំឡុង​ចុងឆ្នាំ​២០១៤ ឈានចូល​ដើមឆ្នាំ​២០១៥ ក្រុមហ៊ុន ប៉ែន លឹម ត្រេ​ឌី​ង គ្រុប ដែលមាន​លោក ប៉ែន លឹម ជា​នាយក​គ្រប់គ្រង ធ្លាប់មាន​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​ជី​កន្ទុយបារី រហូតដល់​ប្រមាណ​៣០​តោន​ចូលមក​ប្រទេស​កម្ពុជា​ពី​ប្រទេស​អ៊ុយ​ក្រែ​ន បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស ។

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ថែមទៀត​នោះ គឺ​កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ លោក ប៉ែន លឹម ដែល​អះអាង​មាន​ឋានៈ និង​ងារ​ជា «​ឯកឧត្តម អ្នកឧកញ៉ា​» ក្នុងនាម​ជា​អគ្គនាយក​ក្រុមហ៊ុន ប៉ែន លឹម អ៊ិន​ធើ​ណេ​សិ​នណល គ្រុប ឯ​.​ក​. (Pen Loem International Group Co.,Ltd.) តាមរយៈ​លោក​មេធាវី សុន កាក់​សាន ជា​មេធាវី​ប្រចាំ​ក្រុមហ៊ុន បានធ្វើ​លិខិត​មួយច្បាប់​គោរព​ជូន​ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សុំ​គោលការណ៍​អនុញ្ញាត​បញ្ចូល​សាច់ប្រាក់​ចំនួន ១៧៦ ០០០ ០០០ ០០០ ០០០ (​មួយរយ​ចិតសិប​ប្រាំមួយ​ទ្រី​លាន​) ដុល្លារ​អាមេរិក ដែល​បូកសរុប​ក្នុង​គណនី​នៃ​ធនាគារ​ចំនួន​២ នៅក្រៅ​ប្រទេស ដើម្បី​យកមកអនុវត្ត​គម្រោង​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.