ទោះបីក្រសួងសាធារណការ និងដឹកជញ្ជូន មានគោលការណ៍ចេញស្លាកលេខពិសេស «កម្ពុជា» ជូនអ្នកប្រើប្រាស់យានយន្តដោយគិតតម្លៃពិសេសក៏ដោយ ក៏មជ្ឈដ្ឋានទូទៅបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្លាកលេខដែលបំពាក់នៅលើរថយន្តមួយគ្រឿង ដូចមានរូបភាពបង្ហាញជូនខាងក្រោម ៖
ស្លាកលេខដែលបំពាក់នៅលើរថយន្តមួយគ្រឿងនេះ គឺបានរំលេចបង្ហាញអំពីនិមិត្តសញ្ញា (Logo) របស់គណបក្សប្រជាជនកម្ពុជាផង បង្ហាញអំពីឋានៈ «ឯកឧត្តម» និងគោរមងារជា «អ្នកឧកញ៉ា» របស់លោក ប៉ែន លឹម ផង (Sic!) ។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ លោក ប៉ែន លឹម បានផ្សព្វផ្សាយផ្ទាល់ (Live) តាមបណ្តាញព័ត៌មានសង្គម Facebook មាន Account ឈ្មោះ «Pen Loem Ma» បញ្ជាក់ឲ្យដឹងថា រថយន្តមួយគ្រឿងនោះចាស់ណាស់ហើយៗក៏គ្មានពន្ធដែរ (Resic!) ។
យោងតាមឯកសារខ្លះបានឲ្យដឹងថា លោក ប៉ែន លឹម ទទួលបានការតែងតាំងគោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៩/១២១៨ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៩ (តែព្រះរាជក្រឹត្យនេះមិនឃើញមានបោះពុម្ពផ្សព្វផ្សាយនៅក្នុងសៀវភៅរាជកិច្ចតាមនីតិវិធីទេ) ។ លើសពីនេះ មិនបានដឹងថា ឧកញ៉ា ប៉ែន លឹម ទទួលបានការតែងតាំងគោរមងារជា អ្នកឧកញ៉ា តាំងពីពេលណាមក និងទទួលបានការតែងតាំងមុខតំណែងថ្មីអ្វីមួយមានឋានៈជា ឯកឧត្តម នោះផងដែរ ។
តាមលិខិតបញ្ជាក់ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២របស់ខុទ្ទកាល័យសម្តេចអគ្គមហាធម្មពោធិសាល ប្រធានព្រឹទ្ធសភា បានឲ្យដឹងថា ឯកឧត្តម ប៉ែន លឹម ធ្លាប់ទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី២ ប៉ុន្តែត្រូវបានបញ្ចប់មុខតំណែងនេះវិញនៅត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១២ ។
កាលពីអំឡុងចុងឆ្នាំ២០១៤ ឈានចូលដើមឆ្នាំ២០១៥ ក្រុមហ៊ុន ប៉ែន លឹម ត្រេឌីង គ្រុប ដែលមានលោក ប៉ែន លឹម ជានាយកគ្រប់គ្រង ធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងការនាំចូលជីកន្ទុយបារី រហូតដល់ប្រមាណ៣០តោនចូលមកប្រទេសកម្ពុជាពីប្រទេសអ៊ុយក្រែន បង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្ស ។
ប្រការគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ លោក ប៉ែន លឹម ដែលអះអាងមានឋានៈ និងងារជា «ឯកឧត្តម អ្នកឧកញ៉ា» ក្នុងនាមជាអគ្គនាយកក្រុមហ៊ុន ប៉ែន លឹម អ៊ិនធើណេសិនណល គ្រុប ឯ.ក. (Pen Loem International Group Co.,Ltd.) តាមរយៈលោកមេធាវី សុន កាក់សាន ជាមេធាវីប្រចាំក្រុមហ៊ុន បានធ្វើលិខិតមួយច្បាប់គោរពជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុំគោលការណ៍អនុញ្ញាតបញ្ចូលសាច់ប្រាក់ចំនួន ១៧៦ ០០០ ០០០ ០០០ ០០០ (មួយរយចិតសិបប្រាំមួយទ្រីលាន) ដុល្លារអាមេរិក ដែលបូកសរុបក្នុងគណនីនៃធនាគារចំនួន២ នៅក្រៅប្រទេស ដើម្បីយកមកអនុវត្តគម្រោងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕