ក្រោយពីមានរឿងអាស្រូវរត់ពន្ធជនជាតិចិនចំនួន២៨នាក់ពីរាជធានីភ្នំពេញ ទៅខេត្តស្វាយរៀង ខណៈភូមិសាស្ត្ររាជធានីភ្នំពេញកំពុងឋិតក្នុងស្ថានភាពបិទខ្ទប់ (Lockdown) និងត្រូវសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបង្ក្រាបកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១កន្លងទៅនោះ លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០២៣៦៣២ ជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ត្រូវបានដកហូតឋានន្តរស័ក្តិនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ជាស្ថាពរហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤២១/៣៩២ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។
នេះជាករណីទី២ហើយគិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ដែលនាយទាហាន និងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ត្រូវបានដកហូតបុណ្យស័ក្តិ និងលុបឈ្មោះ ឬបណ្តេញចេញពីក្របខ័ណ្ឌ ខណៈភូមិសាស្ត្ររាជធានីភ្នំពេញកំពុងឋិតក្នុងស្ថានភាពបិទខ្ទប់ (Lockdown) បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ៧៣៥៥៧ អនុប្រធានសេនាធិការនៃសេនាធិការដ្ឋានអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិជាស្ថាពរ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤២១/៣៥១ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ព្រោះតែប្រព្រឹត្តសកម្មភាពជួបជុំគ្នាផឹកស៊ី រាំច្រៀង និងលេងប៉ាតម្សៅ កាលពីរាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ៕