ក្រសួងផែនការបានចេញសេចក្តីជូនដំណឹងមួយលេខ០៣២៧ផក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ឲ្យដឹងថា លោក វង្ស សុខនី អាយុ៣៨ឆ្នាំ ជាមន្ត្រីនៃអគ្គាធិការដ្ឋានក្រសួងផែនការ មានអាសយដ្ឋានឋិតនៅផ្លូវជាតិលេខ១ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគវីរុសជំងឺកូវីដ-១៩ (COVID-19) នៅវេលាព្រឹកនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ហើយករណីវិជ្ជមានមេរោគវីរុសជំងឺ COVID-19 នេះ គឺលោក វង្ស សុខនី បានឆ្លងវីរុសកូវីដ-១៩ ពីភរិយារបស់លោកឈ្មោះ ជុន អ៊ីង អាយុ៣៦ឆ្នាំ ដែលត្រូវបានក្រសួងសុខាភិបាលតេស្តរកឃើញវិជ្ជមានមេរោគវីរុសជំងីកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១កន្លងទៅ ។
យោងតាមសេចក្តីជូនដំណឹងលេខ០៣២៧ផក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១របស់ក្រសួងផែនការបានឲ្យដឹងថា លោក វង្ស សុខនី បានមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីស្តីការក្រសួងផែនការ ក្នុងចន្លោះម៉ោង ១៥ ដល់ម៉ោង ១៦រសៀល នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែក្រសួងផែនការមិនបានបញ្ជាក់លម្អិតថា ចាក់វ៉ាក់សាំងដូសទី១ ឬដូសទី២ នោះឡើយ ។
កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ស្ត្រីឈ្មោះ ជុន អ៊ីង អាយុ៣៦ឆ្នាំ ជាចុងភៅនៅភោជនីយដ្ឋាននៃសណ្ឋាគារវីឡាលង្កា និងមានអាសយដ្ឋានឋិតនៅផ្លូវជាតិលេខ១ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគវីរុសជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ៕