រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឲ្យក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស (Vireak Buntham Express) បញ្ចេញរថយន្តរបស់ខ្លួនចំនួន៦៤គ្រឿង បើកបរចល័តលក់ផ្គត់ផ្គង់គ្រឿងឧបភោគ បរិភោគ បន្លែត្រីសាច់ និងគ្រឿងទេសគ្រប់ប្រភេទ (ដូចផ្សារម៉ាត-Mart) ជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ (Lockdown) នៃភូមិសាស្ត្ររាជធានីភ្នំពេញ ។
ដោយឡែក យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា មានបុគ្គលិកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ចំនួន២នាក់ បានឆ្លងជំងឺ COVID-19 កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១កន្លងទៅថ្មីៗ រួមមាន ៖ ១-ឈ្មោះ អ៊ូសន សូដានី ភេទស្រី អាយុ៤០ឆ្នាំ មានអាសយដ្ឋានឋិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា និង ២-ឈ្មោះ កង ការ ភេទស្រី អាយុ២៥ឆ្នាំ មានអាសយដ្ឋានឋិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕