យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១របស់ទីចាត់ការការពារគីមីសាស្ត្រនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា លោក កែវ ប៊ុនណា ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ (ផ្កាយ២) នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០១២៥៧៥ នាយករងទីចាត់ការការពារគីមីសាស្ត្រនៃអគ្គបញ្ជាការដ្ឋាន និងភរិយា ត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគជំងឺកូវីដ-១៩ កម្រិតស្រាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះឋិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ តាមការណែនាំរបស់ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ។
សេចក្តីប្រកាសព័ត៌មានរបស់ទីចាត់ការការពារគីមីសាស្ត្រនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានបញ្ជាក់ឲ្យដឹងដែរថា លោកឧត្តមសេនីយ៍ទោ កែវ ប៊ុនណា និងភរិយា ដែលឆ្លងជំងឺកូវីដ-១៩ នោះ ធ្លាប់បានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ចំនួន២លើករួចមកហើយ ៕