ប្រភពព័ត៌មានពីកងកម្លាំងនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ០២៣៦៣២ ជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលពាក់ព័ន្ធនឹងការធ្វើសកម្មភាពរត់ពន្ធជនជាតិចិនចំនួន២៨នាក់ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្វាយរៀង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបង្ក្រាបកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ខណៈរាជធានីភ្នំពេញកំពុងឋិតក្នុងស្ថានភាពបិទខ្ទប់ (Lockdown) ។
ដំណើរឡើងចុះរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តដោយរថយន្តជាមធ្យោបាយរបស់លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អាចប្រព្រឹត្តទៅបាន គឺដោយសារលោកឧត្តមសេនីយ៍យោធារូបនេះ ទទួលបានលិខិតឧទ្ទេសនាមចេញដោយលោកឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្នុងន័យដើម្បី «ទំនាក់ទំនងការងារ» ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។
បច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោយោធា ស៊ុំ ពៅ នឹងជនជាតិចំនួន២៨នាក់នោះ កំពុងឋិតក្រោមការសួរនាំយកចម្លើយនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តចាត់វិធានការតាមច្បាប់ជាធរមាន ៕