យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ ផង់ សុភី អាយុ២៧ឆ្នាំ បម្រើការងារនៅក្រសួងព័ត៌មាន មានអាសយដ្ឋានឋិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគវីរុសជំងឺកូវីដ-១៩ (COVID-19) កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ។
ដោយឡែក ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះឲ្យដឹងថា កញ្ញា ផង់ សុភី ដែលវិជ្ជមានមេរោគវីរុសជំងឺកូវីដ-១៩ គឺជាមន្ត្រីរាជការនៅអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន មានតួនាទីជាជំនួយការឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងត្រូវជាជីតារបស់ខ្លួនផងដែរ ។
គួររំលឹកជូនថា ឯកឧត្តមព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ អតីតរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលបានឆ្លងជំងឺកូវីដ-១៩ បានទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ៕