ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រមនៃក្របខ័ណ្ឌចៅក្រម និងក្នុងឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញានៃក្របខ័ណ្ឌព្រះរាជអាជ្ញាចំនួន១៤នាក់ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤២១/៣៥០ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
ឧត្តមចៅក្រម និងឧត្តមព្រះរាជអាជ្ញាចំនួន១៤នាក់ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍នោះ រួមមាន ៖
១-ឯកឧត្តម កែ សាខន អាយុ៦៥ឆ្នាំ ឧត្តមចៅក្រមថ្នាក់លេខ១ បច្ចុប្បន្នជាប្រធានសាលាដំបូងខេត្តព្រៃវែង (ទើបទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៧២០/៧៦៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០) ។
២-ឯកឧត្តម ប៉ិច ឈឿត អាយុ៧៦ឆ្នាំ ឧត្តមចៅក្រមថ្នាក់លេខ១
៣-លោក សុខ សឿន អាយុ៦៥ឆ្នាំ ឧត្តមចៅក្រមថ្នាក់លេខ១
៤-លោកស្រី អ៊ិន ម៉ានិត្យ អាយុ៦៥ឆ្នាំ ឧត្តមចៅក្រមថ្នាក់លេខ៣
៥-លោក តាក់ គឹមសៀ អាយុ៦៧ឆ្នាំ ឧត្តមចៅក្រមថ្នាក់លេខ៣
៦-ឯកឧត្តម អៀង គឹមថុល អាយុ៦៧ឆ្នាំ ឧត្តមចៅក្រមថ្នាក់លេខ៤
៧-ឯកឧត្តម ឃន សុកល អាយុ៦៥ឆ្នាំ ឧត្តមចៅក្រមថ្នាក់លេខ៥
៨-លោក ខៀវ សន អាយុ៦៥ឆ្នាំ ឧត្តមចៅក្រមថ្នាក់លេខ៥
៩-លោកស្រី ខូវ ចាន់ផូ អាយុ៦៦ឆ្នាំ ឧត្តមចៅក្រមថ្នាក់លេខ៥
១០-លោកស្រី ស្វាយ ស៊ីសារុត អាយុ៦៩ឆ្នាំ ឧត្តមព្រះរាជអាជ្ញាថ្នាក់លេខ១
១១-លោក ពេញ វិបុល អាយុ៦៤ឆ្នាំ ឧត្តមព្រះរាជអាជ្ញាថ្នាក់លេខ១
១២-លោក អ៊ូ ផាត អាយុ៦៦ឆ្នាំ ឧត្តមព្រះរាជអាជ្ញាថ្នាក់លេខ១
១៣-លោក លិន សៀង អាយុ៦៥ឆ្នាំ ឧត្តមព្រះរាជអាជ្ញាថ្នាក់លេខ១
១៤-លោក ទិត្យ ឫទ្ធី អាយុ៦៨ឆ្នាំ ឧត្តមព្រះរាជអាជ្ញាថ្នាក់លេខ៣ ។
អនុលោមតាមមាត្រា៦២ កថាខណ្ឌទី១ និងមាត្រា១០១ កថាខណ្ឌទី១នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា បានចែងបញ្ញត្តិថា «ចៅក្រមទាំងពីរភេទត្រូវចូលនិវត្តន៍នៅពេលគ្រប់អាយុ៦០ (ហុកសិប) ឆ្នាំ ។ ព្រះរាជអាជ្ញាទាំងពីរភេទត្រូវចូលនិវត្តន៍នៅពេលគ្រប់អាយុ៦០ (ហុបសិប) ឆ្នាំ ។» ៕