លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ៧៣៥៥៧ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីរាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ម្សិលមិញ ព្រោះតែធ្វើសកម្មភាពជួបជុំគ្នាផឹកស៊ី រាំច្រៀង និងលេងប៉ាតម្សៅ ព្រមទាំងផ្សាយផ្ទាល់ (Live) តាមបណ្តាញសង្គម Facebook នៅចំណុចផ្ទះលេខ៥៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូលត្រូវបានអាជ្ញាធរធ្វើការបិទខ្ទប់ (Lockdown) នោះ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃជាស្ថាពរហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤២១/៣៥១ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
មិនតែប៉ុណ្ណោះ បុរសអាយុ៤៧ឆ្នាំ អតីតជាឧត្តមសេនីយ៍ប៉ូលិស និងកាន់កាប់មុខតំណែងជាអនុប្រធានសេនាធិការនៃសេនាធិការដ្ឋាននៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃរូបនោះ ក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ណោះអាសន្ននៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះផងដែរ ក្រោមការចោទប្រកាន់ពីបទ រារាំងដល់ការអនុវត្តវិធានការ តាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។
អនុលោមតាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា «អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៥ ០០០ ០០០ (ប្រាំលាន) រៀល ទៅ ២០ ០០០ ០០០ (ម្ភៃលាន) រៀល កាលបើអំពើខាងលើនេះបណ្តាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ។» ៕