សេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា នាយនគរបាលជាតិឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ម្នាក់ ដែលជាម្ចាស់បន្ទប់ជួលនៅចំណុចផ្ទះលេខ៥៨ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងគ្នីគ្នាចំនួន២នាក់ទៀតដែលបម្រើការងារនៅផ្ទះលោកឧត្តមសេនីយ៍ប៉ូលិសរូបនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនវាយខ្នោះកាលពីវេលាម៉ោង២១ និង៣០នាទីនារាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រោះតែពួកគេនាំគ្នាផឹកស៊ី រាំច្រៀង និងលេងប៉ាតម្សៅ ព្រមទាំងផ្សាយផ្ទាល់ (Live) តាមបណ្តាញសង្គម Facebook ខណៈភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានអាជ្ញាធរធ្វើការបិទខ្ទប់ (Lockdown) ។
នាយនគរបាលជាតិដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះ គឺលោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៧ឆ្នាំ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាក្រសួងមហាផ្ទៃអត្តលេខ៧៣៥៥៧ មានតួនាទីជាអនុប្រធានសេនាធិការនៃសេនាធិការដ្ឋាននៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងគូកនចំនួន២នាក់ទៀតដែលជាអ្នកបម្រើការងារនៅផ្ទះលោកឧត្តមសេនីយ៍ គឺរួមមាន ៖ ១-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ និង ២-ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ ។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងទៀតថា លោកឧត្តមសេនីយ៍ទោប៉ូលិស អ៊ុង ចាន់ធួក និងគូកនទាំងពីរនាក់បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋប្រមាណពី៣០នាក់ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួននាំគ្នាផឹកស៊ី រាំច្រៀង និងលេងប៉ាតម្សៅយ៉ាងកងរំពង ។
ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់បានឲ្យដឹងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើពង្រាងព្រះរាជក្រឹត្យទូលថ្វាយសម្តេចព្រះមហាក្សត្រដើម្បីសុំដកហូតបុណ្យស័ក្តិ និងបណ្តេញលោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ព្រមទាំងនឹងមានវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងទៀតផង ៕