ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឯកឧត្តមបណ្ឌិត អ៊ិត សំហេង ជារដ្ឋមន្ត្រី បានចេញសេចក្តីបញ្ជាក់បន្ថែមអំពីប្រភេទរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលអាចស្នើសុំបុគ្គលិកចាំបាច់បំផុតដើម្បីប្រចាំការ និងអំពីឯកសារតម្រូវក្នុងពេលធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្ម ដោយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា «…ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល នឹងបន្តផ្តល់ (លិខិតអនុញ្ញាតចេញ-ចូល) ទៅតាមសំណូមពរ និងតម្រូវការជាក់ស្តែងដល់តំណាងរោងចក្រ សហគ្រាស និងសិប្បកម្ម ដែលត្រូវបានអនុញ្ញាតឲ្យដំណើរការសកម្មភាពអាជីវកម្មក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្ននៅរៀងរាល់ម៉ោងធ្វើការ ។» ។
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ដដែលនេះដែរ បែរជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយលេខ ០១៧/២១ ក.ប/សជណ.ខល ស្តីពីការបញ្ឈប់ការផ្តល់ «លិខិតអនុញ្ញាតចេញ-ចូល» ដល់រោងចក្រ សហគ្រាស និងសិប្បកម្មនៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយសម្រេចបញ្ឈប់ការផ្តល់ «លិខិតអនុញ្ញាតចេញ-ចូល» ជូនរោងចក្រ សហគ្រាស និងសិប្បកម្មចាប់ពីពេលជូនដំណឹងនេះតទៅ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល ធ្លាប់បានចេញ «លិខិតអនុញ្ញាតចេញ-ចូល» ចំនួន ១០ ៧៩៨សន្លឹក រួចហើយទៅវិញ (Sic!) ៕