នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងព័ត៌មានក្នុងនាមជាអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងមួយលេខ០៤៣៤ព.ម អំពាវនាវដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលបានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងក្រសួងព័ត៌មានកាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ សូមមេត្តាធ្វើចត្តាឡីស័ករយៈពេល១៤ (ដប់បួន) ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ខ្លួន និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ។
សេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននេះបានធ្វើឡើងបន្ទាប់ពីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌក្រសួងព័ត៌មានបានកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានឈ្មោះ ជិន បញ្ញា ដែលតេស្តរកឃើញវិជ្ជមានមេរោគវីរុសជំងឺកូវីដ-១៩ បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្រសួងព័ត៌មានកាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ។
យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ឈ្មោះ ជិន បញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ CTN មានអាសយដ្ឋានឋិតនៅភូមិអូរអណ្តូង១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគវីរុសផ្លូវដង្ហើមកូវីដ-១៩ (COVID-19) កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។
លោក ជិន បញ្ញា ត្រូវបានគេស្គាល់ថា ជាអ្នកថតរូបឲ្យស្ថានីយទូរទស្សន៍ CNC/CTN របស់អ្នកឧកញ៉ា គិត ម៉េង នាយកក្រុមហ៊ុន Royal Group និងក៏មានក្របខ័ណ្ឌជាទាហាននៃកងយោធពលខេមរភូមិន្ទម្នាក់ទៀតផង ៕