យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា មានបុគ្គលិកទូរទស្សន៍ CTN ម្នាក់ឈ្មោះ ជិន បញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ មានអាសយដ្ឋានឋិតនៅភូមិអូរអណ្តូង១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគជំងឺផ្លូវដង្ហើមកូវីដ-១៩ (COVID-19) កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ។
លោក ជិន បញ្ញា ត្រូវបានគេដឹងថា ជាអ្នកថតរូបឲ្យស្ថានីយទូរទស្សន៍ CNC/CTN របស់អ្នកឧកញ៉ា គិត ម៉េង នាយកក្រុមហ៊ុន Royal Group និងក៏មានក្របខ័ណ្ឌជាទាហាននៃកងយោធពលខេមរភូមិន្ទម្នាក់ទៀតផង ។
ដោយឡែក អាជ្ញាធររាជធានីភ្នំពេញក៏បានបញ្ជាក់ឲ្យដឹងដែរថា គណនេយ្យករក្រុមហ៊ុន Royal Group ម្នាក់ គឺលោកស្រី ឈាន ស្រីខួច អាយុ៣១ឆ្នាំ មានអាសយដ្ឋានឋិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគជំងឺ COVID-19 ផងដែរ ៕