ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

វ៉ាក់សាំង​កាតព្វកិច្ច ! មន្ត្រីរាជការ​ទាំង​ស៊ីវិល ទាំង​ប្រដាប់អាវុធ​នៃ​ស្ថាប័ន​ជាតិ​ត្រូវតែ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 លើក​លែងមាន​មូលហេតុ​សុខភាព​

​ក្រោម​មូលហេតុ​តម្រូវការ​ចាំបាច់​ក្នុងការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19) របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានចេញ​អនុក្រឹត្យ​មួយ​លេខ​៦៦​អនក្រ​.​បក ចុះ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ ស្តីពី​កាតព្វកិច្ច​ក្នុង​ការទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វិដ​-១៩ ដោយ​អនុក្រឹត្យ​នេះ​ត្រូវអនុវត្ត​ចំពោះ ៖ -​មន្ត្រីរាជការ​សាធារណៈ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​នៅក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​, -​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការបោះឆ្នោត និង​មន្ត្រីរាជការ​សាធារណៈ​នៅក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង -​ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រីរាជការ​សាធារណៈ​នៅក្នុង​ស្ថាប័ន​តុលាការ ។

​កាតព្វកិច្ច​ក្នុងការ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូច​មានចែង​នៅក្នុង​អនុក្រឹត្យ​នេះ​ក៏ត្រូវ​អនុវត្ត​ផងដែរ​ចំពោះ​បុគ្គល​មួយចំនួន​ផ្សេងទៀត ដោយ​ផ្អែកលើ​ស្ថានភាព​នៃ​ការងារ ឬ​ស្ថានភាព​នៃ​មុខរបរ​របស់​បុគ្គល​នោះ​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល ។​

​ទោះយ៉ាងណា​ក្តី កាតព្វកិច្ច​ក្នុងការ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ខាងលើនេះ​មិន​អនុវត្ត​ចំពោះ​បុគ្គល​ដែល​មិនអាច​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ បាន​ដោយ​មូលហេតុ​សុខភាព និង​ដោយមាន​លិខិតបញ្ជាក់​ពី​មន្ត្រី​សុខាភិបាល​មាន​សមត្ថកិច្ច ។​

​ដោយឡែក ចំពោះ​ការអនុវត្ត​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ស៊ី​ណូ​ហ្វា​ម (Sinopharm) ជា​ជំនួយ​របស់​ប្រទេស​ចិន​ក្នុង​កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ គឺ​ក្លាយជា «​កាតព្វកិច្ច​» រួច​បាត់ទៅហើយ បើ​យោងតាម​ស្មារតី​សេចក្តីណែនាំ​លេខ​០០៤/២០២១ ស​.​ណ​.​ន ចុះ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១​របស់​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ពីព្រោះ​សេចក្តីណែនាំ​របស់​អគ្គបញ្ជាកា​រដ្ឋា​ន​នោះ បាន​សង្កត់ធ្ងន់ថា «​ចំពោះមុខ មូលដ្ឋាន​កងទ័ព​ទាំងអស់​ត្រូវ​ត្រួតពិនិត្យ​ធោ​ធិ​ន​ណា​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង នឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលក្នុង​មូលដ្ឋាន​កងទ័ព ។​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.