កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងផ្លូវការឲ្យដឹងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នៅរាជធានីភ្នំពេញ មានករណីវិជ្ជមានមេរោគវីរុសផ្លូវដង្ហើមកូវីដ-១៩ (COVID-19) ចំនួន៥៤៤នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលនៅក្នុងនោះ លេខរៀងទី៥០នៃបញ្ជីអ្នកឆ្លងជំងឺ COVID-19 ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា «ឈ្មោះ ឈន ទេព ភេទស្រី អាយុ៤០ឆ្នាំ ក្រុមគ្រូពេទ្យ TYDA ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ៣៨៤ ផ្លូវលេខ៣៦៧ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ» ។
ក្រោយការប្រកាសសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញភ្លាមៗ Account Facebook Page ឈ្មោះ «TYDA-គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតោជោ» បានបកស្រាយបំភ្លឺបញ្ជាក់ថា «ជាកំហុសបច្ចេកទេសក្នុងការបំពេញទម្រង់មន្ទីរពិសោធន៍ គាត់មិនមែនជាក្រុមការងារពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ គាត់គឺជាប្រជាពលរដ្ឋម្នាក់ ។» ។
នៅទីបំផុត នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេចកែតម្រូវនៅត្រង់លេខរៀងទី៥០ នៃបញ្ជីអ្នកឆ្លងជំងឺ COVID-19 វិញថា «ឈ្មោះ ឈន ទេព ភេទស្រី អាយុ៤០ឆ្នាំ អាជីវករផ្សារអូរឫស្សី ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ៣៨៤ ផ្លូវលេខ៣៦៧ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ» ។
សមាគមគ្រូពេទ្យ TYDA ត្រូវបានគេស្គាល់ថា មានលោកជំទាវ ពេជ ចន្ទមុនី ភរិយារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងកម្លាំងជាតិពិសេសប្រឆាំងភេរវកម្ម និងត្រូវជាកូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រឆាំងនឹងជំងឺ COVID-19 ។
សរុបសេចក្តីមក រដ្ឋបាលរាជធានីភ្នំពេញពិតជាភ័ន្តច្រឡំធំមែនទែនហើយ ដែលប្រកាសថា ក្រុមគ្រូពេទ្យ TYDA ឆ្លងជំងឺ COVID-19 (Sic!) ៕