មិនត្រឹមតែឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប៉ុណ្ណោះទេដែលដាក់ពាក្យបណ្តឹងជាផ្លូវការកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដោយប្តឹងឲ្យចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថចំពោះព្រះសង្ឃ បទញុះញង់ឲ្យមានការរើសអើង និងបទគំរាមកំហែងថានឹងសម្លាប់ គឺសូម្បីមេធាវីការពារសិទ្ធិ និងតំណាងដោយអាណត្តិឲ្យរដ្ឋបាលខេត្តសៀមរាប ក៏បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ទៅឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយប្តឹងចោទប្រកាន់ទៅលើបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទញុះញង់ឲ្យមានការើសអើង បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន និងបទប្រមាថចំពោះអ្នករាជការសាធារណៈ ផងដែរ ។
ប្រការគួរឲ្យចាប់អារម្មណ៍នោះ គឺលោក ផែង វណ្ណៈ ត្រូវទទួលរងការប្តឹងផ្តល់ចោទប្រកាន់ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាលផង និងស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាបផង ។
ដូច្នេះ សូមប្រិយមិត្តអ្នកអានរង់ចាំតាមដានមើល តើស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល ដែលមានឯកឧត្តម លាវ ស្រេង ជាព្រះរាជអាជ្ញា និងស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលមានឯកឧត្តម កើត វណ្ណារ៉េត ជាព្រះរាជអាជ្ញា ហ៊ានបើកការស៊ើបសួរ ឬចោទប្រកាន់ទៅលើលោក ផែង វណ្ណៈ ដែលជាបុគ្គលមានទំនាក់ទំនងជាមួយមនុស្សអ្នកមានឥទ្ធិពលច្រើននាក់នៅក្នុងសង្គមសម័យនេះ ជាអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook «ដ៏សម្បើម» និងជាអ្នកមានទ្រព្យសម្បត្តិ «គួរសម» ដែរឬទេ ? ៕