យោងតាមរបាយការណ៍លេខ០៤៥/២០២១របក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១របស់បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រនៃកងទ័ពជើងទឹក ចុះហត្ថលេខាដោយលោកឧត្តមនាវីឯក អ៊ុក សីហា ជាមេបញ្ជាការ គោរពជូនឯកឧត្តមនាយឧត្តមនាវី អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក បានបញ្ជាក់ឲ្យដឹងថា មានយោធិនម្នាក់ឈ្មោះ សំ វិជ្ជា ភេទប្រុស ឋានន្តរស័ក្តិអនុសេនីយ៍ឯក ជំនួយការការិយាល័យបុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានមកចាក់វ៉ាក់សាំងការពារជំងឺ COVID-19 នៅគិលានដ្ឋានមូលដ្ឋានសមុទ្រចំនួន២លើក (លើកទី១ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ និងលើកទី២ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១) រួចហើយ ប៉ុន្តែបានធ្វើតេស្តរកឃើញវិជ្ជមានមេរោគវីរុស COVID-19 នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ។
នេះ គឺជាករណីទី២ដែលគេហទំព័រសារព័ត៌មានដើមត្នោតបានទទួលព័ត៌មានច្បាស់ការថា មានយោធិនចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះ Sinopharm ជាជំនួយរបស់ប្រទេសចិនរួចហើយ (ករណីទី១ គឺពាក់ព័ន្ធនឹងយោធិនឈ្មោះ តារា សកល ជាសិក្ខាកាមនៅសាកលវិទ្យាល័យការពារជាតិនៃក្រសួងការពារជាតិ) ប៉ុន្តែនៅតែឆ្លងជំងឺ COVID-19 ដដែលទៅវិញ ៕