ប្រតិកម្មតាមរយៈសង្ឃលិខិតលេខ០៣/២១មគខសរ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ដែលឡាយព្រះហស្តលេខាដោយព្រះភាតាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប ក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ដែលបានប្រមាថសមាជិកថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាបនោះ ក៏បាននាំឲ្យក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណអាជីវកម្មគេហទំព័ររបស់លោក ផែង វណ្ណៈ ឈ្មោះ «www.phengvannak.com» ដោយប្រកាសលេខ១០៧ព.ម.ប្រក ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយក្រសួងព័ត៌មានអះអាងថា «ម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថចំពោះព្រះសង្ឃធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។» ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះដដែល លោក ផែង វណ្ណៈក៏បានធ្វើលិខិតសុំទោសជាសាធារណៈមួយចំពោះព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋមួយចំនួន… ។
ទោះបីមានលិខិតសុំទោសជាសាធារណៈរបស់លោក ផែង វណ្ណៈ ក្តី ក៏សំណុំរឿងរបស់លោក ផែង វណ្ណៈ បានកក្រើកទៅដល់ក្រសួងធម្មការ និងសាសនា ហើយក៏ត្រូវបានឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចេញលិខិតផ្លូវការមួយច្បាប់លេខ១២៣/២១ក.ធ.ស ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១គោរពជូនឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ក្នុងន័យប្តឹងស្នើសុំឲ្យមានការចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថចំពោះព្រះសង្ឃ តាមមាត្រា៥១៦, បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ និងបទគំរាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ លិខិតផ្លូវការក្នុងទម្រង់ជាពាក្យបណ្តឹងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទៅដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។
មិនទាន់បានដឹងថា ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាលដែលមានឯកឧត្តម លាវ ស្រេង ជាព្រះរាជអាជ្ញា ដំណើរការនីតិវិធី និងសម្រេចបើកការស៊ើបសួរ ឬចោទប្រកាន់ទៅលើលោក ផែង វណ្ណៈ ជាជនសង្ស័យ ដល់ដំណាក់កាលណានៅឡើយទេ ។
មជ្ឈដ្ឋានអ្នកតាមដានសំណុំរឿងលោក ផែង វណ្ណៈ បានបញ្ចេញទស្សនៈថា សំណុំរឿងដែលពាក់ព័ន្ធនឹងលោក ផែង វណ្ណៈ ដែលជាបុរសមានទំនាក់ទំនងជាមួយមនុស្សអ្នកមានឥទ្ធិពលច្រើននាក់នៅក្នុងសង្គមសម័យនេះ ជាអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook «ដ៏សម្បើម» និងជាអ្នកមានទ្រព្យសម្បត្តិ «គួរសម» ម្នាក់ដែរនោះ អាចនឹងធ្វើឲ្យអ្នកធំនៅកម្ពុជាមួយចំនួន «អាម៉ាស់មុខ» មិនខាន ប្រសិនបើស្ថាប័នតុលាការមិនហ៊ានចាត់វិធានការផ្លូវច្បាប់ទៅលើលោក ផែង វណ្ណៈ តាមបណ្តឹងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ៕