ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា ក្នុងស្ថាប័នកងយោធពលខេមរភូមិន្ទមាននាយទាហានម្នាក់ឈ្មោះ តារា សកល ជាសិក្ខាកាមនៅសាកលវិទ្យាល័យការពារជាតិនៃក្រសួងការពារជាតិ បានចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះ ស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់ប្រទេសចិនគ្រប់ចំនួនពីរដូសហើយ ប៉ុន្តែនៅតែឆ្លងជំងឺ COVID-19 ដដែល ។
កន្លងមក មាននាយទាហានម្នាក់បម្រើការងារជាជំនួយការការិយាល័យហិរញ្ញវត្ថុ ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ គឺលោកព្រិន្ទបាលទោ លី ចាន់សុវណ្ណបញ្ញា អាយុ២៤ឆ្នាំ បានចាក់វ៉ាក់សាំង Sinopharm ជំនួយរបស់ប្រទេសចិនលើកទី១ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ហើយក៏បានតេស្តរកឃើញ មានការឆ្លងជំងឺ COVID-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ។ ប៉ុន្តែក្នុងករណីនេះអាចចាត់ទុកថា ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅលើខ្លួននាយទាហានរូបនេះមិនទាន់ទទួលបាននូវប្រសិទ្ធភាព ពីព្រោះមិនទាន់បានចាក់គ្រប់ចំនួនដូសលើកទី២នៅឡើយ ។ ពាក់ព័ន្ធនឹងករណីនេះដែរ គេមិនទាន់បានដឹងថា តើចំពោះនាយទាហាន លី ចាន់សុវណ្ណបញ្ញា ដែលឆ្លងជំងឺ COVID-19 រួចទៅហើយបន្ទាប់ពីចាក់វ៉ាក់សាំង Sinopharm ដូសលើកទី១នោះនឹងតម្រូវឲ្យមានការចាក់វ៉ាក់សាំងសម្រាប់ដូសទី២ទៀត ឬមិនតម្រូវឲ្យចាក់ទៀតឬយ៉ាងណា ?
វ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing institute of Biological Products Co.,Ltd. នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ (Emergency Use Authorization-EUA) កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិននេះបានចាក់ទៅដល់មនុស្សចំនួន ២៥៤ ៣៩៨នាក់ហើយ គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ។
មិនទាន់មានប្រភពជាក់លាក់ណាមួយបកស្រាយអំពីមូលហេតុដែលនាំឲ្យអ្នកចាក់វ៉ាក់សាំង Sinopharm គ្រប់ចំនួនដូសហើយ បែរជានៅតែឆ្លងជំងឺ COVID-19 ទៀតនោះនៅឡើយទេ ខណៈប្រភពឯកសារពីបរទេសមួយចំនួនបានអះអាងថា ប្រសិទ្ធភាពនៃវ៉ាក់សាំង Sinopharm របស់ចិន គឺមានត្រឹមកម្រិតក្រោម៩០%ប៉ុណ្ណោះ ៕