ឧកញ៉ា ឌួង ឆាយ ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៣២១/២៥៤ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ ជាផ្លូវការហើយតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ។
ការណ៍ដែលនាំឲ្យឈានទៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើសុំបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ គឺបន្ទាប់ពីអតីតឧកញ៉ា ឌួង ឆាយ ធ្លាយនូវរឿងអាស្រូវប្រព្រឹត្តអំពើហិង្សាទៅលើអតីតភរិយារបស់ខ្លួន គឺអ្នកស្រី ដេត ម៉ាលីណា ដែលរូបភាពនៃរឿងអាស្រូវនេះត្រូវបានបង្ហោះតាមបណ្តាញព័ត៌មានសង្គម Facebook កាលពីរាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗ ។
លោក ឌួង ឆាយ ដែលត្រូវជាកូនប្រុសរបស់ឧកញ៉ាឧត្តមសេនីយ៍ប៉ូលិស ឌួង ងៀប អត្តលេខ០៥៥៣ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៩/៧៤៣ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ៕