យោងតាមលិខិតចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាដែលបានក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសំណើលេខ២១០លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១មកសម្តេចដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ ។ លិខិតទូលថ្វាយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានថ្វាយសូមព្រះករុណាទ្រង់ព្រះរាជមេត្តាប្រោសប្រទានព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ដោយព្រះរាជហឫទ័យអនុគ្រោះ ។
ដោយឡែក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះដែរ ក្រសួងកិច្ចការនារីក៏បានចេញសេចក្តីថ្លែងការណ៍មួយលេខពិសេស.កកន ដោយធ្វើការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដែលគេស្គាល់ថា ជាអតីតភរិយារបស់ឧកញ៉ា ឌួង ឆាយ ដែលបានបង្ហោះតាមបណ្តាញសង្គម Facebook កាលពីរាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗ ។
លោក ឌួង ឆាយ ដែលត្រូវជាកូនប្រុសរបស់ឧកញ៉ាឧត្តមសេនីយ៍ប៉ូលិស ឌួង ងៀប អត្តលេខ០៥៥៣ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៩/៧៤៣ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ៕