មេសមាគមអ្នកព័ត៌មានហ្វេសប៊ុកកម្ពុជា និងជាមន្ត្រីព័ត៌មានក្នុងស្ថាប័នរដ្ឋផង គឺឯកឧត្តម ព្រំ សាន ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៣២១/២៤៨ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ត្រាស់បង្គាប់បញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងព័ត៌មានមានឋានៈស្មើអនុរដ្ឋលេខាធិការ ដែលមានឋានៈជា «ឯកឧត្តម» វិញហើយ ។
ការបញ្ចប់មុខតំណែងឯកឧត្តម ព្រំ សាន ពីទីប្រឹក្សាក្រសួងព័ត៌មាននេះ គឺបន្ទាប់ពីក្រសួងព័ត៌មានបានចេញប្រកាសលេខ១០១ព.ម.ប្រក និងប្រកាសលេខ១០២ព.ម.ប្រក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សម្រេចលុបអាជ្ញាបណ្ណសមាគមអ្នកព័ត៌មានហ្វេសប៊ុកកម្ពុជា និងគេហទំព័រឈ្មោះ សាន ព្រំព័ត៌មាន «WWW.Sanprum.news.com» ដោយក្រសួងព័ត៌មានអះអាងថា បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម…។
លោក ព្រំ សាន ទទួលបានការតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០១១៩/១០១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលការតែងតាំងមុខតំណែងជាទីប្រឹក្សាក្រសួងព័ត៌មាននេះ គឺតែងតាំងជា «កញ្ចប់» ចំនួន៥២នាក់តែម្តង ដោយមានឋានៈចាប់ពីអគ្គនាយករហូតដល់ឋានៈស្មើរដ្ឋលេខាធិការ ៕