យោងតាមរបាយការណ៍លេខ១៣៥/២០២១រ.ប.ក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១របស់ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ ហង្ស ចិន្តា ជានាយកខុទ្ទកាល័យគោរពជូនឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា មាននាយទាហានខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានចំនួន១រូប គឺលោកព្រិន្ទបាលទោ លី ចាន់សុវណ្ណបញ្ញា អាយុ២៤ឆ្នាំ ជាជំនួយការការិយាល័យហិរញ្ញវត្ថុខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន ត្រូវបានតេស្តរកឃើញមានផ្ទុកមេរោគជំងឺ COVID-19 កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗ ។
របាយការណ៍របស់ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានបានបញ្ជាក់ឲ្យដឹងទៀតថា យោធិន លី ចាន់សុវណ្ណបញ្ញា ត្រូវជាកូនប្រសារបស់គ្រូពេទ្យម្នាក់ដែលផ្ទុកមេរោគជំងឺ COVID-19 នៅអ្នកលឿង ខេត្តព្រៃវែង ហើយជានាយទាហានមិនសូវសកម្មការងារទេ ។ លើសពីនេះ ព្រិន្ទបាលទោ លី ចាន់សុវណ្ណបញ្ញា ធ្លាប់បានចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់ប្រទេសចិនលើកទី១រួចហើយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ និងមិនទាន់បានចាក់វ៉ាក់សាំងដូសលើកទី២នៅឡើយ ៕