ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា នៅវេលាម៉ោង១០ និង៤០នាទីព្រឹក នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានបុរសជនជាតិខ្មែរម្នាក់អាយុ៥០ឆ្នាំ ជាអ្នកបើកបររថយន្តឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុដែលឆ្លងជំងឺ COVID-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នោះ បានទទួលមរណភាពហើយនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ក្រោយពីបានសម្រាកព្យាបាលជំងឺអស់រយៈពេលជាង១០ថ្ងៃរួចមក ។
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា បុរសជនជាតិខ្មែរម្នាក់អាយុ៥០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានតេស្តរកឃើញមានផ្ទុកមេរោគជំងឺ COVID-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងបានដាក់ឲ្យសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពចាក់អង្រែ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
មិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់លាស់ថា អ្នកជំងឺ COVID-19 ជាបុរសជនជាតិខ្មែរអាយុ៥០ឆ្នាំរូបនោះ ទទួលបានការផ្ទេរមន្ទីរពេទ្យព្យាបាលជំងឺពីមណ្ឌលសុខភាពចាក់អង្រែមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) រហូតមកដល់ថ្ងៃទទួលមរណភាពនៅពេលណាឡើយ ។
នេះ គឺជាករណីស្លាប់ទី២របស់អ្នកជំងឺ COVID-19 បន្ទាប់ពីបុរសជនជាតិចិនម្នាក់ឈ្មោះ Lay Binxiang អាយុ៣៤ឆ្នាំ (ដាក់ឲ្យសម្រាកព្យាបាលជំងឺ COVID-19នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១) ទទួលមរណភាពនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹក នៅមណ្ឌលព្យាបាលជំងឺព្រែកព្នៅ រាជធានីភ្នំពេញ ប៉ុន្តែត្រូវបានអាជ្ញាធរប្រកាសអះអាងថា បុរសជនជាតិចិនអ្នកជំងឺ COVID-19 រូបនោះ ស្លាប់ដោយសារការរើថ្នាំញៀនប្រភេទអំហ្វេតាមីន (Amphetamine) ទៅវិញ (Sic!) ៕