ជំងឺផ្លូវដង្ហើមបង្កដោយមេរោគវីរុសកូវីដ-១៩ (COVID-19) បានចាប់ផ្តើមផ្ទុះចេញដំបូងនៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន នាអំឡុងឆ្នាំ២០១៩ រួចមកក៏បានរាតត្បាតសាយភាយលើពិភពលោកតាមចរាចរណ៍របស់មនុស្ស ក្នុងនោះប្រទេសកម្ពុជាក៏បានរកឃើញវត្តមានមេរោគ COVID-19 ដំបូងនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ផ្ទុកនៅលើខ្លួនបុរសជនជាតិចិនម្នាក់ឈ្មោះ Jia Jianhua អាយុ៦០ឆ្នាំ ដែលធ្វើដំណើរចេញពីទីក្រុង Wuhan ប្រទេសចិន មកដល់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា តាមជើងហោះហើរត្រង់នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។ ក្រោយពីបានធ្វើតេស្តអវិជ្ជមានមេរោគវីរុស COVID-19 ចំនួន៣លើកគិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០រួចមក គឺនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ក្រសួងសុខាភិបាលក៏បានសន្និដ្ឋានថា បុរសជនជាតិចិនអ្នកជំងឺ COVID-19 រូបនេះជាសះស្បើយ និងក៏បានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ។
នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ប្រទេសកម្ពុជាក៏បានរកឃើញវត្តមានមេរោគ COVID-19 នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ រស់នៅខេត្តសៀមរាប ដែលបានឆ្លងជំងឺ COVID-19 ពីធុរជនជាជនជាតិជប៉ុនម្នាក់ដែលតែងធ្វើដំណើរឆ្លងកាត់ច្រើនប្រទេសដូចជា កម្ពុជា ហ្វីលីពីន ថៃ វៀតណាម និងជប៉ុន ។ ក្រោយពីបានធ្វើតេស្តអវិជ្ជមានមេរោគវីរុស COVID-19 ចំនួន២លើកគិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០រួចមក គឺនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលក៏បានសន្និដ្ឋានថា បុរសជនជាតិខ្មែរអ្នកជំងឺ COVID-19 រូបនេះជាសះស្បើយ និងក៏បានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ក្រៅពីជំងឺ COVID-19 បានចម្លងលើអ្នកដំណើរចូលមកប្រទេសកម្ពុជា និងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ឆ្នាំ២០២០ (អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីដែលមកទស្សនកិច្ចនៅប្រទេសកម្ពុជា)គឺប្រទេសកម្ពុជាបានឆ្លងកាត់ព្រឹត្តិការណ៍ចម្លងចូលក្នុងសហគមន៍ចំនួន២លើករួចមកហើយ និងការចម្លងដល់ពលករខ្មែរមកពីប្រទេសថៃ ជាអាទិ៍ ៖ ១-ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា (មានអ្នកឆ្លងចំនួន៤១នាក់ ដោយទទួលបានការជាសះស្បើយគ្រប់គ្នាអស់ហើយ និងបានបិទបញ្ចប់ព្រឹត្តិការណ៍ត្រឹមរយៈពេល០១ខែ) ២-ពលករខ្មែរមកពីប្រទេសថៃ (ចាប់ផ្តើមពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដោយមានអ្នកឆ្លងចំនួន៩០នាក់ និងទទួលបានការជាសះស្បើយគ្រប់គ្នាអស់ហើយ ) និង ៣-ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ (ចាប់ផ្តើមពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១រហូតដល់សព្វថ្ងៃ) ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ គឺក្នុងរយៈពេល២០ថ្ងៃកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួនរហូតដល់ទៅ ៦៥២នាក់ (ប្រុស៣៣៥នាក់ និងស្រី៣១៧នាក់) និងក្នុងនោះ មានករណីជាសះស្បើយចំនួន ១១០នាក់ (ប្រុស៥៧នាក់ និងស្រី៥៣នាក់) ខណៈព្រះរាជាណាចក្រកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន
១ ១៦៣នាក់ និងជាសះស្បើយសរុបចំនួន ៥៩៧នាក់ ព្រមទាំងមានករណីស្លាប់ចំនួន ០១នាក់ ជាបុរសជនជាតិចិនឈ្មោះ Lay Binxiang អាយុ៣៤ឆ្នាំ (ឆ្លងជំងឺ COVID-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងដាក់ឲ្យសម្រាកព្យាបាលនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ហើយទទួលមរណភាពនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១) ប៉ុន្តែត្រូវបានក្រសួងសុខាភិបាលអះអាងថា អ្នកជំងឺ COVID-19 រូបនេះស្លាប់ដោយសាររើថ្នាំញៀនប្រភេទអំហ្វេតាមីន (Amphetamine) ។
I-មូលហេតុនៃការឆ្លងរាតត្បាតនៃជំងឺ COVID-19 ចូលក្នុងសហគមន៍ ៖ មជ្ឈដ្ឋានអ្នកសិក្សាតាមដានការរាតត្បាតនៃជំងឺ COVID-19 នៅកម្ពុជាបានបង្ហាញអំពីមូលហេតុដែលនាំឲ្យមានការសាយភាយរាតត្បាតនៃជំងឺ COVID-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ យ៉ាងគំហុកនោះ គឺបណ្តាលមកពីការធ្វេសប្រហែសរបស់អាជ្ញាធរ ដូចតទៅ ៖
១-គ្រប់គ្រងការធ្វើចត្តាឡីស័ក (Quarantine) មានភាពធូររលុង រួមទាំងមានការយោគយល់មួយចំនួនផង ដែលនាំឲ្យមានការឆ្លងចូលសហគមន៍ តាំងពីព្រឹត្តិការណ៍ ២៨ វិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែចាប់ផ្តើមមានការរឹតបន្តឹងនៅពេលមានករណីឆ្លងចូលក្នុងសហគមន៍បាត់ទៅហើយ ។
២-ហាងខារ៉ាអូខេ (KTV) និងក្លិបកម្សាន្ត (ឧទាហរណ៍ ក្លិប N8)បិទមិនជិតទើបបណ្តាលឲ្យមានករណីឆ្លងចេញពីប្រភពក្លិបកម្សាន្តក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
៣-ហាងម៉ាស្សា (Massage) និងស្ប៉ា (SPA) បិទមិនជិត ( ឧទាហរណ៍ ហាង Let’s Relex Spa) ទើបបណ្តាលឲ្យមានករណីឆ្លងចេញពីហាងម៉ាស្សា និងស្ប៉ា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
៤-វិធានការបិទចរាចរណ៍បណ្តោះអាសន្នហើយ តែគ្មានប្រសិទ្ធភាព (ឧទាហរណ៍ ករណីផ្អាកចរាចរណ៍ចេញ-ចូល ទៅ-មក ខេត្តព្រះសីហនុ ជាមួយរាជធានី និងបណ្តាខេត្តផ្សេងទៀត តែនៅមានស្ត្រីម្នាក់អាចធ្វើដំណើរចេញពីខេត្តព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញទៅដល់ខេត្តសៀមរាប និងត្រូវបានតេស្តរកឃើញមានផ្ទុកមេរោគជំងឺ COVID-19) ។
II-ផលប៉ះពាល់នៃជំងឺ COVID-19 ៖
១-ប៉ះពាល់ដល់សេរីភាពនៃការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងចំពោះអ្នកមានជីវភាពធូរធារ មានទ្រព្យសម្បត្តិលុយកាក់ចាយមិនអស់ ពោលគឺទោះបីសំងំនៅក្នុងផ្ទះក៏មិនជួបបញ្ហានឹងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ខែ និងឆ្នាំ ។
២-ប៉ះពាល់ខ្លាំងដល់អ្នកមានជីវភាពទន់ទាប និងអ្នកជំពាក់បំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដោយសារការបាត់បង់ការងារធ្វើ (ជាពិសេសវិស័យទេសចរណ៍) និងការប្រកបរបររកស៊ីជួបបញ្ហាយ៉ាប់យ៉ឺន ពីព្រោះរដ្ឋបានជួយទំនុកបម្រុងក្នុងកម្រិតតិចតួចបំផុត ។
៣-ប៉ះពាល់ដល់ធនធានមនុស្សរបស់ប្រទេស ពីព្រោះសាលារៀនត្រូវបានបិទបណ្តោះអាសន្នរំខានដល់ការសិក្សារបស់និស្សិត និងសិស្សានុសិស្សគ្រប់កម្រិត ៕