ប្រភពព័ត៌មានច្បាស់ការណ៍មួយបានឲ្យដឹងថា មានស្ត្រីជនជាតិចិនម្នាក់ អាយុ៣១ឆ្នាំដែលផ្ទុកមេរោគ COVID-19 បានឆ្លើយបំភ្លឺបញ្ជាក់ប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនគាត់ធ្លាប់បានចូលទៅទិញទំនិញម្ហូបអាហារ និងសម្ភារៈប្រើប្រាស់នៅផ្សារទំនើប Aeon Mall I ឋិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ។
ប្រភពព័ត៌មានច្បាស់ការណ៍ដដែលក៏បានបង្ហើបឲ្យដឹងផងដែរថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកមេរោគ COVID-19 ឋិតក្រោមគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19) បានចេញលិខិតផ្លូវការមួយច្បាប់ជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន Aeon Mall (Cambodia) Co.,Ltd. រាជធានីភ្នំពេញដែលជាជនជាតិជប៉ុននោះរួចហើយ ដើម្បីសុំកិច្ចសហការ សម្របសម្រួលដល់ក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យ Camera សុវត្ថិភាព CCTV បញ្ជាក់ទីតាំងវត្តមានអ្នកជំងឺ COVID-19 និងអ្នកប៉ះពាល់នៅក្នុងបរិវេណផ្សារទំនើប Aeon Mall I ។
គួរបញ្ជាក់ជូនដែរថា គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺអាជ្ញាធរកម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគ COVID-19 មានចំនួនរហូតដល់ទៅ ៧៦នាក់ (ស្រី៣៩នាក់ និងប្រុស៣៧នាក់) ដែលភាគច្រើនជាជនជាតិចិន ខណៈទីតាំងចំនួន២៣ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានអាជ្ញាធរបិទជាបណ្តោះអាសន្ន និងបានអំពាវនាវដល់បុគ្គលដែលចេញចូលក្នុងទីតាំងទាំង២៣នេះមកត្រួតពិនិត្យសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមនិយាមសុខាភិបាល ៕