លោកឧកញ៉ាឧត្តមសេនីយ៍ឯក ឌឿន សុវណ្ណ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ០២១៦៩ ដែលទទួលរងការដកបុណ្យស័ក្តិ និងឡើងបុណ្យស័ក្តិវិញលឿនដូចអាវុធមីស៊ីលនោះទទួលបានការតែងតាំងមុខតំណែងថ្មីជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២២១/១៣៣ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ។
គេហទំព័រសារព័ត៌មានដើមត្នោត សូមផ្សព្វផ្សាយជូនប្រិយមិត្តអ្នកអានអំពីប្រវត្តនៃការបំពាក់ឋានន្តរស័ក្តិ តែងតាំងមុខតំណែង និងការដកហូតមុខតំណែង ព្រមទាំងដកហូតបុណ្យស័ក្តិ លុបឈ្មោះចេញពីក្របខ័ណ្ឌប៉ូលិស រួចទទួលបានបុណ្យស័ក្តិឡើងវិញរបស់លោក ឌឿន សុវណ្ណ ដូចខាងក្រោម ៖
លោក ឌឿន សុវណ្ណ ដែលជាអ្នករកស៊ីយ៉ាងសកម្មនៅកម្ពុជាទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០១៩៧/០៧ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៩៧ ។
ឧកញ៉ា ឌឿន សុវណ្ណ ទទួលបានការបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ០២១៦៩ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៨/៧០៩ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៨ ។
ប្រមាណ០២ខែក្រោយមក លោកឧត្តមសេនីយ៍ត្រី ឌឿន សុវណ្ណ ក៏ទទួលបានការបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៨/៩៦៦ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៨ ។
បន្ទាប់ពីទទួលបានការបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោរួចមក លោកផ្កាយ២ ឌឿន សុវណ្ណ ទទួលបានការតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៨/១៤២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៨ ពោលគឺមានឋានៈជា «ឯកឧត្តមឧត្តមសេនីយ៍» ។
រយៈពេលជិត៣ឆ្នាំក្រោយមក ឯកឧត្តមឧត្តមសេនីយ៍ទោ ឌឿន សុវណ្ណ ក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១១/៣៩៦ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១១ ។
ព្រោះតែ «យីអ៊ុនដាក់» គឺរយៈពេលជាង១ឆ្នាំបន្ទាប់ពីទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯករួចមក ឯកឧត្តមឧត្តមសេនីយ៍ ឌឿន សុវណ្ណ ក៏ត្រូវបានដកហូតឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ព្រមទាំងបញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងមហាផ្ទៃវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១២/៩៣៥ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ ។
រយៈពេលជិត៣ឆ្នាំក្រោយមកទៀត គឺទំនងជាមាន «យីអ៊ុនឡើង» ឧកញ៉ា ឌឿន សុវណ្ណ ក៏ទទួលបានការតែងតាំងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក (ផ្កាយ៣) ជានាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ អត្តលេខ២១៦៩ឡើងវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៥/៤៦៥ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ និងក្នុងអំឡុងឆ្នាំ២០១៥នេះដែរ លោកផ្កាយ៣ប៉ូលិស ឌឿន សុវណ្ណ ក៏ទទួលបានការតែងតាំងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ៥១៦អនក្រ.តត ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ។
ឥឡូវ ឈានចូលមកដល់ដើមឆ្នាំ២០២១នេះ លោកផ្កាយ៣ប៉ូលិស ឌឿន សុវណ្ណ ទទួលបានការតែងតាំងមុខតំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ពោលគឺមានឋានៈជា «ឯកឧត្តមឧត្តមសេនីយ៍ឯក» ឡើងវិញហើយ ៕