យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបានឲ្យដឹងថា លទ្ធផលនៃការវិភាគរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញបានរកឃើញករណីឆ្លងវីរុសផ្លូវដង្ហើមកូវីដ-១៩ (COVID-19) បំប្លែងខ្លួនថ្មីក្នុងចំណោមអ្នកដំណើរចូលមកប្រទេសកម្ពុជាចំនួន៣នាក់ គឺ ៖ ១-បុរសជនជាតិឥណ្ឌា អាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី និងមកដល់កម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១, ២-ស្ត្រីជនជាតិឥណ្ឌា អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី និងមកដល់កម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ និង ៣-ស្ត្រីជនជាតិចិន អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារសុខា ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មេរោគ COVID-19 បំប្លែងខ្លួនថ្មីនេះមានសភាពឆ្លងសាហាវ ហើយលឿន និងធ្ងន់ធ្ងរជាងមេរោគ COVID-19 ដែលបាន និងកំពុងរាតត្បាតបច្ចុប្បន្ន ៕