ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៤ហិកតា ស្ថិតនៅជាប់នឹងភាគខាងលិចនៃទីតាំងដីរបស់ក្រសួងយុត្តិធម៌ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចកាត់បន្ថែមទៀតសម្រាប់រៀបចំសាងសង់អគារទីស្តីការក្រសួងមុខងារសាធារណៈដែលមានឯកឧត្តម ព្រុំ សុខា ជារដ្ឋមន្ត្រី ដោយស្មារតីលិខិតលេខ៦៣សជណ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ដើមឡើយ ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៣ ២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចកំណត់ចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយអនុក្រឹត្យលេខ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ប៉ុន្តែក្រោយមកត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើអនុបយោគជាសម្បត្តិឯកជនរបស់រដ្ឋវិញ និងកាត់ផ្ទៃដីឲ្យទៅបុគ្គល និងស្ថាប័នរដ្ឋមួយចំនួនគ្រប់គ្រងជាកម្មសិទ្ធិជាបន្តបន្ទាប់យ៉ាងហោចណាស់ដល់ខ្ទង់រយហិកតារួចទៅហើយ (សូមអានគេហទំព័រសារព័ត៌មានដើមត្នោត ផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១បន្ថែម) ៕