នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ (COVID-19) ចំនួន២ប្រភេទទៀត គឺវ៉ាក់សាំង Sinovac’s COVID-19 (ផលិតដោយក្រុមហ៊ុន Sinovac Biotech Ltd.នៃសាធារណរដ្ឋប្រជាមានិតចិន) និងវ៉ាក់សាំង AstraZeneca’s COVID-19 (ផលិតដោយសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស) ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ (Emergency Use Authorization-EUA) ។
គួរបញ្ជាក់ជូនដែរថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅថ្មីៗ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង Sinopharm COVID-19 ផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co.,Ltd. នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ (EUA) ហើយវ៉ាក់សាំង Sinopharm ដែលជាជំនួយរបស់ប្រទេសចិននេះបានចាក់ទៅដល់មនុស្សស្ម័គ្រចិត្តចំនួន៧៨១នាក់ហើយ គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ ៕