នៅវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្ទាក់បង្ក្រាបបានករណីនាំចូលបង្គាក្លាស្សេមានចាក់បញ្ចូលចាហួយបន្ថែមចំនួន៥៦កេស ទម្ងន់ស្មើនឹង១ ០០៨គីឡូក្រាមដែលផ្ទុកនៅក្នុងរថយន្តចំនួនពីរគ្រឿងចរាចរតាមបណ្តោយផ្លូវជាតិលេខ៣ ។
តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញគ្រឿងសមុទ្រទាំងពីរគ្រឿងនោះបានឲ្យដឹងថា ទំនិញគ្រឿងសមុទ្ររួមមាន បង្គាក្លាស្សេ និងក្តាមត្រូវបាននាំចូលមកពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ដោយមិនមានឯកសារភ្ជាប់មកជាមួយឡើយ ។
បច្ចុប្បន្ន វត្ថុតាងនៃអំពើល្មើសនេះត្រូវបានរក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប ក្រោមការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីនៃច្បាប់ ៕