យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលលេខ០៣៣សខល ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញនេះបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា នឹងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ (COVID-19) ឈ្មោះ SINOPHARM ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃស្អែកទី១០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ បន្ទាប់ពីការប្រើប្រាស់វ៉ាក់សាំង SINOPHARM ទទួលបានការអនុញ្ញាតដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ (Emergency Use Authorization) ។
កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឈ្មោះ SINOPHARM របស់ចិនចំនួន៣០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជារួចហើយ ខណៈអាយុរបស់បុគ្គលដែលអាចចាក់វ៉ាក់សាំងនេះបានគឺត្រូវបានកំណត់កម្រិតចាប់ពី១៨ឆ្នាំរហូតដល់៥៩ឆ្នាំ ។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឈ្មោះ SINOPHARM របស់ចិនក្នុងដំណាក់កាលដំបូងនេះ គឺក្រសួងសុខាភិបាលបានកំណត់ត្រឹមចំនួន១៤៩ ៥០០នាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៥៩ឆ្នាំ និងក៏បានកំណត់នូវលក្ខខណ្ឌចំនួន១៣សម្រាប់បុគ្គលដែលមិនអាចទទួល ឬចាក់វ៉ាក់សាំងបានឡើយ ។
ដើម្បីផ្តល់នូវជំនឿទុកចិត្តទៅលើប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឈ្មោះ SINOPHARM របស់ចិននោះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ឲ្យប្រើប្រាស់ទៅលើឥស្សរជនមានឋានៈតាមលំដាប់លំដោយ និងអ្នកសារព័ត៌មានជាមុន តាមគោលការណ៍ស្ម័គ្រចិត្ត ។
តាមការប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា គឺរដ្ឋាភិបាលចិននឹងផ្តល់ជំនួយថ្នាំវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឈ្មោះ SINOPHARM ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co.,Ltd. ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ចំនួន១លានដូស ។
គួរបញ្ជាក់ជូនដែរថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឈ្មោះ SINOPHARM របស់ចិនគិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ គឺបានប្រើប្រាស់ក្នុងលក្ខខណ្ឌជាការបន្ទាន់នៅបណ្តាប្រទេសចំនួន១០ រួមមាន ៖ កម្ពុជា អេហ្ស៊ីប ហុងគ្រី អ៊ីរ៉ាក់ ហ្សកដង់ ឡាវ ម៉ារ៉ុក ប៉ាគីស្ថាន ប៉េរូ និង ស៊ែប៊ី ៕