កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤កន្លងទៅថ្មីៗនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមតំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ជាក្រសួងល្បីល្បាញ ខាងមានទីប្រឹក្សាអមក្រសួងច្រើនសំពីងសំពោងរហូតដល់ខ្ទង់រយនាក់ ទាំងការតែងតាំងដោយព្រះរាជក្រឹត្យ ទាំងការតែងតាំងដោយអនុក្រឹត្យ) បានធ្វើសារលិខិតជូនពរមួយលេខ ០២៩/២១ក.ប/ខ.ល ដើម្បីគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខួបលើកទី៣៦ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (១៤ មករា ១៩៨៥ – ១៤ មករា ២០២១) ។
ប្រការគួរឲ្យចាប់អារម្មណ៍នោះ គឺនៅក្នុងសារលិខិតជូនពរលេខ ០២៩/២១ក.ប/ខ.ល ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសរសេរពាក្យថា «ឡើងកាន់តំណែង» ជា «ឡើងកាន់ដំណែង» ទៅវិញ ។
មាត្រា៥ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា បានចែងបញ្ញត្តិថា «ភាសា និងអក្សរដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ។» និងមាត្រា១២ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ១៤៦អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ សរសេរកាត់ថា «ក.ជ.ភ.ខ» បានចែងថា «ក.ជ.ភ.ខ ត្រូវប្រើវចនានុក្រមខ្មែរ រៀបរៀងដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ គ្រាទី៥ ឆ្នាំ១៩៦៧ជាគោល ។» ។
ព័ស្តុតាងជាក់ស្តែងបានបង្ហាញថា វចនានុក្រមខ្មែរ រៀបរៀងដោយសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់អំពីរបៀបលំដាប់កិត្តិយសមន្ត្រី, មុខក្រសួង, មុខរបរ, មុខការ…..គឺត្រូវសរសេរថា «តំណែង» ដែលជា (នាម) ។ រីឯពាក្យសរសេរថា «ដំណែង» ដែលជា (កិរិយាសព្ទ) គឺ កាឡាខ្លួន, ប្រែកាឡា, ប្រែភេទឲ្យមានបែបផ្សេងទីទៃពីរូបដើម ឬពីភេទដើម ….។
ដូច្នេះ អនុលោមមាត្រា៥ នៃរដ្ឋធម្មនុញ្ ញនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា១២ នៃអនុក្រឹត្យលេខ ១៤៦អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងតាមវចនានុក្រមខ្មែរ រៀបរៀងដោយសម្តេចព្រះសង្ឃរាជ ជួន ណាត គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា សារលិខិតជូនពររបស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរសេរពាក្យ «តំណែង» ទៅជា «ដំណែង»មិនត្រឹមត្រូវទេ ស្មើនឹងអំពើលែងខ្វល់នឹងអក្សរខ្មែរ ហើយសរសេរឲ្យតែរួចពីដៃប៉ុណ្ណោះ ឬមួយក៏រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចង់បញ្ជាក់ឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចេះ «ប្រែកាឡាខ្លួនដូចយក្ស ដែលដំណែងខ្លួនជាប្រើសមាស» ? ៕