នៅទីបំផុតរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានសម្រេចបង្គាប់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធររដ្ឋបាលខេត្តមណ្ឌលគិរីមានវិធានការច្បាប់ទៅលើជនដែលរំលោភកាន់កាប់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន វ៉ូជីសាន អិលអេស គ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួរលីង (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ិនសឺរេន «Hua Lin (Cambodia) International Insurance Co.,Ltd.» ដីចម្ការស្រល់រដ្ឋ និងដីចម្ការស្រល់រុក្ខទិវាជាតិ តាមស្មារតីលិខិតលេខ៣៨សជណ.កធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ការណ៍ដែលនាំឲ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្គាប់ឲ្យអាជ្ញាធរមានវិធានការច្បាប់ទៅលើជនដែលលំលោភកាន់កាប់ដីចម្ការស្រល់រដ្ឋ និងដីចម្ការស្រល់រុក្ខទិវាជាតិបែបនេះ គឺបន្ទាប់ពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើលិខិតផ្លូវការមួយច្បាប់លេខ៣១១កសក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីអំពីករណីរំលោភកាន់កាប់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន វ៉ូជីសាន អិលអេស គ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួរលីង (ខេមបូឌា) អ៊ិនធើណេសិនណល អ៊ិនសឺរេន ដីចម្ការស្រល់រដ្ឋ និងដីចម្ការស្រល់រុក្ខទិវាជាតិ ៕