រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានសម្រេចចេញអនុក្រឹត្យលេខ២២១អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដោយកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែកទំហំ១៤៥ ៦២៧ម៉ែត្រក្រឡា ស្ថិតក្នុងរាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
នៅមុនពេលចេញអនុក្រឹត្យលេខ២២១អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកំណត់ផ្ទៃអាងស្តុកទឹកបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋនេះ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានយល់ព្រមអនុញ្ញាតជាគោលការណ៍ឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការស្ថាបនាជញ្ជាំងទប់ដីអំពីបេតុងអារម៉េ(Concrete Sheet-Pile) ព័ទ្ធជុំវិញអាងស្តុកបឹងត្របែកទំហំ១៣,៣ហិកតា ដើម្បីកុំឲ្យមានការរំលោភបន្តទៀតតាមស្មារតីលិខិតលេខ ១១០៣សជណ.មយ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានយល់ព្រមអនុញ្ញាតជាគោលការណ៍ឲ្យរដ្ឋបាលរាជធានីភ្នំពេញជីកស្តារអាងស្តុកទឹកបឹងត្របែកខាងលើឲ្យមានជម្រៅជ្រៅជាងពេលបច្ចុប្បន្ន ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្តុកទឹកភ្លៀងឲ្យស្របតាមលក្ខណៈបច្ចេកទេសដើម្បីឲ្យស្ថានីយបូមទឹកអាចបូមទម្លាក់បន្តទៅកាន់ប្រព័ន្ធបង្ហូរទឹកនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ និងមិនលើកលែងចំពោះអ្នកដែលរំលោភកាន់កាប់ហើយមកធ្វើការតវ៉ា និងរារាំងអាជ្ញាធរក្នុងពេលចុះអនុវត្តគម្រោងខាងលើនេះផងដែរ ៕