នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០១២១/០៥៣ ត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម ពេជ សោភ័ន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ពេជ សោភ័ន ដែលត្រូវជាដន្លងដងស្នែងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាឪពុកក្មេកឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការកងកម្លាំងជាតិពិសេសប្រឆាំងភេរវកម្ម ធ្លាប់ទទួលបានការតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៧ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភា ៕