លោក សឿន រ៉ាវុធ ដែលគេស្គាល់ថាជាប្រធានរដ្ឋបាលក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក «Kai Neng Leather Products (Cambodia) Co.,Ltd.» មានទីតាំងឋិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានតំណាងកម្មករ កម្មការិនីក្រុមហ៊ុនចោទប្រកាន់ថា បញ្ឈប់កម្មការិនីដែលមានផ្ទៃពោះពីការងារដោយមិនបញ្ជាក់អំពីមូលហេតុ ទទួលប្រាក់សំណូកជាថ្នូរនឹងការរើសកម្មករចូលបម្រើការងារ ព្រមទាំងបានគំរាមកំហែងកម្មករ កម្មការិនីថា នឹងប្តឹងទៅតុលាការថែមទៀតប្រសិនបើរឿងអាស្រូវរបស់ខ្លួនលេចឮចេញទៅក្រៅ ។ ក្រុមតំណាងកម្មករ កម្មការិនីបានប្តឹងសុំអន្តរាគមន៍អំពីករណីអំពើល្មើសច្បាប់របស់លោក សឿន រ៉ាវុធ នោះ គោរពជូនឯកឧត្តមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីអំឡុងខែតុលា ឆ្នាំ២០២០កន្លងទៅ ។
ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា ក្រុមតំណាងកម្មករ កម្មការិនីក៏បានដាក់ពាក្យបណ្តឹងអំពីករណីអំពើល្មើសច្បាប់របស់លោក សឿន រ៉ាវុធ នោះគោរពជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញលិខិតផ្លូវការមួយច្បាប់លេខ១៧៧គ.ស.ម.ក គោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មេត្តាជួយពិនិត្យ និងដោះស្រាយករណីបណ្តឹងរបស់តំណាងកម្មករ កម្មការិនីទាំងនោះ ពីព្រោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ឃើញថា «ជាសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវដោះស្រាយ» ។
គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោក សឿន រ៉ាវុធ ពាក់ព័ន្ធនឹងបណ្តឹងរបស់តំណាងកម្មករ កម្មការិនីទាំងនោះនៅឡើយទេ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ពីព្រោះគ្មានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ៕