ប្រភពព័ត៌មានបង្ហើបចេញពីផ្នែកកិច្ចការទូទៅក្នុងការិយាល័យរដ្ឋបាលនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈក្រោមឱវាទក្រសួងសុខាភិបាលបានឲ្យដឹងថា មានមន្ត្រីម្នាក់បម្រើការងារក្នុងការិយាល័យរដ្ឋបាលនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈដែលធ្លាប់ត្រូវបានក្រសួងសុខាភិបាលដាក់ឲ្យចូលបម្រើការងារវិញកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧បន្ទាប់ពីស្ថិតក្នុងស្ថានភាពទំនេរគ្មានបៀវត្សរ៍រយៈពេល១ឆ្នាំមកនោះ នៅតែប្រកាន់ឥរិយាបទខ្ជិលច្រអូសមិនមកបំពេញការងារឡើយ ហើយបានត្រឹមមានមុខមកចុះហត្ថលេខា០១ខែ ទៅ០២ខែម្តង និងចាំបើកប្រាក់បៀវត្សរ៍ដូចមន្ត្រីរាជការ និងបុគ្គលិកដទៃទៀតប៉ុណ្ណោះ ។ លើសពីនេះ រយៈពេលប្រមាណ៣ឆ្នាំក្រោយ ពោលចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីរូបនោះមានឱកាសបានមកបម្រើការងារនៅផ្នែកកិច្ចការទូទៅក្នុងការិយាល័យរដ្ឋបាលទៅវិញ ដូចផ្តល់លទ្ធភាពឲ្យកាន់តែងាយស្រួលក្នុងការអវត្តមានគ្មានច្បាប់យ៉ាងសេរី និងចាំបើកប្រាក់បៀវត្សរ៍ចាយយ៉ាងរំភើយ (Sic!) ។
មន្ត្រីអសកម្មដូចដែលប្រភពព័ត៌មានខាងលើបង្ហើបឲ្យដឹងនោះ គឺលោក ច័ន្ទ ម៉ក់សំបូរ ។
ក្រុមមន្ត្រីរាជការបម្រើការងារនៅការិយាល័យរដ្ឋបាលនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈចំណុះក្រសួងសុខាភិបាលបានលាន់មាត់ថា អនុលោមតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល គឺលោក ច័ន្ទ ម៉ក់សំបូរ គួរត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការបាត់ទៅហើយ ប៉ុន្តែបែរជាលោក ច័ន្ទ ម៉ក់សំបូរ នៅបន្តមានភ័ព្វសំណាងធ្វើជាមន្ត្រី «លួចខ្ជិល» និងចាំបើកប្រាក់ខែរដ្ឋចាយយ៉ាងរំភើយទៅវិញ និងតម្រូវឲ្យឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈមេត្តាត្រួតពិនិត្យមើល និងមានវិធានការទៅលើមន្ត្រីអសកម្មផង ៕