យោងតាមស្មារតីលិខិតលេខ០០១ខន/០២១សជណ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ដដែលនោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនិរាករណ៍លិខិតលេខ៧៩០សជណ.មយ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំគោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ និងនិរាករណ៍លិខិតលេខ៨៩៧សជណ.អស ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីសំណើសុំការអនុញ្ញាតដោះដូរទីតាំងអគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងដីទំហំ១៥,៣៣ហិកតារបស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក តាមស្មារតីលិខិតលេខ០៤សជណ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១របសទីស្តីការគណៈរដ្ឋមន្ត្រី ។
ទន្ទឹមនឹងការសម្រេចលុបចោលគោលការណ៍កាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ)សម្រាប់សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រី និងសម្រេចលុបចោលគោលការណ៍អនុញ្ញាតដោះដូរទីតាំងអគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងដីទំហំ១៥,៣៣ហិកតារបស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក (TP Moral Group-TPMG) ដែលគេស្គាល់ថាជាក្រុមហ៊ុនឯកជនរបស់លោកឧកញ៉ា ឃុន សៀ នោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចប្រគល់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បច្ចុប្បន្នជូនក្រសួងអភិវឌ្ឍន៍ជនបទ និងប្រគល់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្នជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញផងដែរ ៕